រដ្ឋប៉ាឡេស្ទីន៖ ប្រភពពីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអង្គារ៍ ទី០៩ ខែមករា ឆ្នាំ២០២៤ ថាកម្លាំងទ័ពបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៤នាក់នៅក្នុងតំបន់វ៉េសបេងកាលពីយប់ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤។
មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសវ័យ៣១ឆ្នាំម្នាក់ស្លាប់នៅក្បែរបុស្ត៍ត្រួតពិនិត្យមួយកន្លែងនៅភាគខាងជើងតំបន់រ៉ាម៉ាឡាហ កាលពីថ្ងៃអង្គារ៍ ទី០៨ ខែមករា ឆ្នាំ២០២៤។ ភ្នាក់ងារសារព័ត៌មានរដ្ឋប៉ាឡេស្តីនវ៉ាហ្វា ចុះផ្សាយថា កម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនបុរសម្នាក់នោះពីរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងបញ្ជូនគាត់ទៅមន្ទីពេទ្យ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា បុរសនោះព្យាយាមចាក់ក្រុមទាហាននៅច្រកត្រួតពិនិត្យ អាញ ស៊ីនីយ៉ា មុនពេលគេបាញ់សម្លាប់គាត់។
សារព័ត៌មានវ៉ាហ្វាបាននិយាយថា ឧបទ្ទវហេតុនេះជាហេតុបង្កឲ្យឈានទៅដល់ការបិទប៉ុស្តិ៍ត្រួតពិនិត្យ និងការរឹតបន្តឹងនៃចលនារបស់ជនជាតិប៉ាឡេស្ទីន។
សូមបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីន ៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងទាហានអ៊ីស្រាអែលនៅក្នុងតំបន់ថូលក្រាមកាលពីយប់ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤។ កម្លាំងទ័ពបានឡោមព័ទ្ធផ្ទះមួយខ្នងនៅក្នុងតំបន់នោះ ហើយបាញ់សម្លាប់បុរស ៣នាក់ នៅខាងក្នុងផ្ទះ។
ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះបានធ្វើឲ្យចំនួនអ្នកស្លាប់នៃជនជាតិប៉ាឡេស្ទីនកើនឡើងដល់ ៣៤០នាក់ ចាប់តាំងពីមានការផ្ទុះឡើងនូវអំពើហិង្សានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤