ប្រទេសអាហ្វហ្កានីស្ថាន៖ លោក អាបដូឡាសហ អ៊ីនសាហ្វ អ្នកនាំពាក្យប៉ូលិសខេត្តបាននិយាយថា មនុស្ស ៧នាក់រងបួស ដោយសារការបំផ្ទុះមួយដែលកំណត់គោលដៅទៅលើរថយន្តប៉ូលិស នៅក្នុងទីក្រុងហេរ៉ាត កាលពីថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។
លោក អ៊ីនសាហ្វ បានប្រាប់អ្នកយកព័ត៌មានថា “មនុស្ស ៧នាក់រងរបួសបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកដៃមួយគ្រាប់ដែលកំណត់គោលដៅទៅលើរថយន្តប៉ូលិសមួយគ្រឿងនៅក្នុងតំបន់ដ្រវ៉ាហ្ស៊ី ខស ស្រុកប៉ូលិសឌីស្ទ្រីក២ ក្នុងទីក្រុងហេរ៉ាត។”
ប៉ូលិសចាប់ខ្លួនមនុស្សម្នាក់ដោយចោទថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ នេះបើយោងតាមសម្តីរបស់មន្ត្រី ដោយមិនបានផ្តល់ព័ត៌មានលម្អិត។
នេះគឺជាការវាយប្រហារទៅលើរថយន្តលើកទី២ហើយនៅក្នុងប្រទេសអាហ្វហ្កានីស្ថានបើគិតចាប់តាំងពីថ្ងៃអង្គារ៍ ទី០៩ ខែមករា ឆ្នាំ២០២៤។
គួររំលឹកផងដែរថា កាលពីថ្ងៃអង្គារ៍ ទី០៩ ខែមករា ឆ្នាំ២០២៤ មនុស្ស ៣នាក់ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារ ហើយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤