ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងជើងខេត្តកឺកុក ប្រទេសអ៊ីរ៉ាក់។
ផ្អែកតាមរបាយការណ៍ចារកម្មបានឱ្យដឹងថា យន្តហោះអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគនិរតីនៃតំបន់ខ្ពង់រាប វ៉ាឌី អាល ស្ហាយ ក្នុងខេត្តកឺកុក ដែលមានចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាកដាដ ដោយមិនបានបញ្ជាក់លម្អិតពីពេលវេលានៃការវាយប្រហារ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពផ្សព្វផ្សាយព័ត៌មានសន្តិសុខដែលជាបណ្តាញចំណុះឲ្យបញ្ជាការប្រតិបត្តិការរួមរបស់អ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា បន្ទាប់មក កម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅរុករកនៅទីតាំងទម្លាក់គ្រាប់បែកនោះ ហើយរកឃើញសាកសពក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៣នាក់ និងគ្រឿងផ្ទុះកែច្នៃ វ៉ែនតាមើលពេលយប់ កាមេរ៉ាជាច្រើនគ្រឿង និងផ្លូវរូងក្រោមដីជាច្រើន ដែលរូងទាំងនោះសុទ្ធតែបាក់បែកខ្ទេចអស់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់ លួចឆ្មក់ចូលតំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេង ដោយវាយប្រហារតាមបែបទ័ពព្រៃជាញឹកញាប់ទៅលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤