ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើងបាញ់មីសីលឆ្លងទ្វីបចូលសមុទ្រលឿង

0

ប្រភពយោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើង​​បាញ់​សាកល្បងមីសីល​ជាច្រើន​គ្រាប់​ចូលទៅ​សមុទ្រ​លឿង​កាលពី​ថ្ងៃ​ពុធនេះ។ ដំណឹង​នេះ​លេចឮខណៈ​ដែល​ភាព​តានតឹងកំពុងកើនឡើង​ក្នុង​​ឧបទ្វីប​នេះ ដោយសារ​ការបាញ់​សាកល្បងមីសីល​ជា​បន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង និង​ល្បែងសង្គ្រាមរួមដៃគ្នារវាងអាមេរិកជាមួយកូរ៉េខាង​ត្បូង​នៅក្នុងតំបន់។

ទីក្រុងសេអ៊ូលនឹងឃ្លាំមើលសញ្ញាផ្សេងៗទៀតអំពីការបាញ់គ្រាប់មីសីល ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក នេះជាការលើកឡើងរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងធ្វើឡើងកាលពីថ្ងៃពុធនេះ ហើយលោកបានពិពណ៌នាថា គឺជាការបង្ករឿង។

ការ​បាញ់សាកល្បងនេះធ្វើឡើងមិនដល់ពីរ​សប្តាហ៍ទេ​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បានបាញ់​សាក​ល្បងមីស៊ីលឆ្លងទ្វីបដែលក្បាលគ្រាប់របស់វាមានលឿនជាងសំឡេង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍កាលពីសប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាងបានសាកល្បង “ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក” ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សមយុទ្ធ​ទ័ព​ជើង​ទឹក​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ត្បូង អាមេរិក និង​ជប៉ុន ដែលមាននាវាផ្ទុកយន្តហោះ USS Carl Vinson ចូលរួមផងដែរ។

គួរំលឹកផងដែរថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរព្រំដែនកូរ៉េខាងជើងកាលពីឆ្នាំមុន បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពី​ទីក្រុង​ព្យុងយ៉ាងក៏ដោយ ​ដែលបង្ហាញឲ្យឃើញថា​វាជាល្បែងសង្រ្គាម​ក្នុងរូបភាពជាសមយុទ្ធក្នុងគោលបំណងឈ្លានពាន។ ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនិយាយថា សមយុទ្ធនេះគឺជាលំហាត់ការពារជាតិធម្មតាៗ និង​ចោទប្រកាន់​កូរ៉េ​ខាង​ជើង​ថា​បាន​រំលោភ​បំពាន​ការ​រឹតបន្តឹងរបស់​អន្តរជាតិលើកម្មវិធីមីស៊ីល។

ថ្មីៗនេះ អាមេរិក និងកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំឡើងវិញ បន្ទាប់ពីសកម្មភាពនេះត្រូវបានផ្អាកនៅឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងតំបន់។ ទីក្រុងសេអ៊ូលបានប្រកាសថា កិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ស្តីអំពីការផ្អាកសមយុទ្ធយោធានៅ​តាម​ព្រំដែន​គឺ​ទុក​ជា​មោឃៈ បន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់សាកល្បងកាំភ្លើងធំរបស់ខ្លួន៕

ប្រភព RT ចុះផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here