ប៉ូលិស១០នាក់ស្លាប់ និង៦នាក់រងរបួសក្នុងការវាយប្រហាភេរវកម្មនៅប៉ាគីស្ថាន

0

ទីក្រុងអ៊ីសឡាម៉ាបាដ៖ ប៉ូលិសយ៉ាងហោចណាស់១០នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារភេរវកម្មនៅឯស្ថានីយ៍ប៉ូលិសក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ ខេត្តឃីប៊ើប៉ាក់តុងវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃចន្ទនេះ។

ប្រភពពីប៉ូលិសបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមភេរវកម្មមិនស្គាល់មុខមួយក្រុមបានវាយប្រហារប៉ុស្តិ៍ប៉ូលិសឆាដវ៉ាន់ ក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ ដោយប្រើកាំភ្លើងជាច្រើនប្រភេទដូចជា កាំភ្លើងអ្នកលបបាញ់ (sniper) កាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់បែកដៃ។

ក្រោយពេលការវាយប្រហារ កម្លាំងប៉ូលិស និងសន្តិសុខប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយបានបញ្ជូនសាកសព​និងអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។

ប៉ូលិស៦នាក់ដែលស្លាប់បាត់បង់ជីវិតគឺមកពីកងកំលាំប៉ូលិសពិសេសនៅស្រុកស្វាប៊ី ដែលត្រូវបានគេដាក់ពង្រាយនៅក្នុងតំបន់នេះ បន្ទាប់ពីការវាយប្រហារកើនឡើងមុនពេលបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

មុនពេលប៉ូលិសនិងកងកម្លាំងសន្តិសុខមកដល់ ក្រុមអ្នកវាយប្រហារបានរត់គេចពីកន្លែងកើតហេតុ។ ប៉ូលិសបានបន្ថែមថា គ្រប់ផ្លូវចូលក្នុងតំបន់​នោះ​ត្រូវ​បាន​ហំព័ទ្ធ​ដើម្បី​ស៊ើបអង្កេត។

មកដល់ម៉ោងនេះមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here