ប្រទេសតួកគី៖ ក្រសួងការពារជាតិបានប្រកាសនៅថ្ងៃសៅរ៍ថា ទាហានតួកគីបាន“សម្លាប់” សមាជិកគណបក្សពលករឃឺដ (PKK) ៥នាក់ និងអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមអ៊ីក្សក្រសួងបានប្រកាសថា ភេរវករ៣នាក់មកពី PKK និង YPG ត្រូវបាន “សម្លាប់” ក្នុងតំបន់អឺប្រាតស្ហែល ភាគខាងជើងប្រទេសស៊ីរី។ ប្រទេសតួកគីបានចាត់ទុកអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ថាជាសាខារបស់គណបក្សពលករឃឺដ (PKK)។
លើសពីនេះ សមាជិកគណបក្សពលករឃឺដ២នាក់ “ត្រូវបានសម្លាប់” ក្នុងតំបន់ប្រតិបត្តិការខ្លរឡក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើតាមប្រភពពីក្រសួង។
ក្រសួងបានបន្ថែមថា “យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករដោយការប្តេជ្ញាចិត្តមិនងាករេ ដោយគ្មានការលើកលែង ដូចដែលយើងធ្លាប់ធ្វើមកដល់បច្ចុប្បន្ននេះ”។
អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “សម្លាប់” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន។
ចាប់តាំងពីឆ្នាំ ២០១៦មក កម្លាំងតួកគីបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើនលើកនៅតាមព្រំដែនរបស់ខ្លួនជាមួយនឹងភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់គ្មានសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅតាមបណ្តាយព្រំដែន។ ប្រតិបត្តិការទាំងនោះរួមមាន ប្រតិបត្តិការអឺប្រាត ស្ហែល (Euphrates Shield) នៅឆ្នាំ២០១៦ ប្រតិបត្តិការអូលីវ ប្រេន (Operation Olive Branch) នៅឆ្នាំ២០១៨ ប្រតិបត្តិការ ភីស ស្ព្រីង (Peace Spring) នៅឆ្នាំ២០១៩ និង២០២០។
ប្រទេសតួកគីបានបើកប្រតិបត្តិការខ្លរឡក់ (Claw-Lock) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០២២ដោយកំណត់គោលដៅទៅលើទីតាំងលាក់ខ្លួនរបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់។
គួររំលឹកផងដែរថា គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេល ៤ទសវត្សរ៍មកហើយ៕