ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅកណ្តាលប្រទេសអ៊ីរ៉ាក់។
កងទ័ពប្រឆាំងភេរវកម្មអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការដោយមានការសម្របសម្រួលពីកងទ័ពអាកាសអ៊ីរ៉ាក់ប្រឆាំងនឹងទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងតំបន់ជួរភ្នំហេមរិន ដែលលាតសន្ធឹងក្នុងខេត្តសាឡាហ៊ូឌីន និងខេត្តឌីយ៉ាឡា នេះបើតាមសេចក្តីថ្លែងការណ៍ដោយមិនបានបញ្ជាក់ពីពេលវេលានៃប្រតិបត្តិការ។ ប្រតិបត្តិការនេះបណ្តាលឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៧នាក់ស្លាប់ និងបំផ្លាញទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ២០កន្លែង រូងភ្នំចំនួន៣ និងផ្លូវរូងក្រោមដីចំនួន៥។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុនចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងតែងតែធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕