អ៊ីស្រាអែលថា បានសម្លាប់មេបញ្ជាការក្រុមជីហាដអ៊ីស្លាមម្នាក់

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានប្រកាសនៅថ្ងៃអង្គារថា    កងទ័ពអាកាសអ៊ីស្រាអែលបានសម្លាប់លោក អាណាស ម៉ូហាម៉ាដ សាឌី ម៉ាសរ៉ី មេបញ្ជាការអង្គភាពគ្រាប់រ៉ូកែតនៃចលនាជីហាដអ៊ីស្លាមប៉ាឡេស្ទីន(PIJ) នៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងការវាយប្រហារតាមអាកាសនៅដើមខែធ្នូ។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឱ្យដឹងថា លោក ម៉ាសរ៉ី ទទួលខុសត្រូវលើការដឹកនាំការវាយប្រហារដោយគ្រាប់រ៉ូកែតចេញពីភាគខាងជើងតំបន់ហ្កាហ្សាប្រឆាំងនឹងជនស៊ីវិល និងទាហាននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលក្នុងនោះមានទាំងក្រុមហាម៉ាសកាលពីខែតុលាឆ្នាំមុន។

យោធាបានប្តេជ្ញាថានឹងបន្តកំណត់គោលដៅលើបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើជនស៊ីវិលអ៊ីស្រាអែល។

គួរំលឹកផងដែរថា ចលនាជីហាដអ៊ីស្លាមប៉ាឡេស្ទីនមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការប្រកាសរបស់អ៊ីស្រាអែលនៅឡើយ។

អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាដើម្បីសងសឹកលើការឈ្លានពានដែលដឹកនាំដោយក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងពេលនោះមានមនុស្សប្រមាណជា១.២០០នាក់ស្លាប់ និងមិនតិចជាង២៥០នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here