ប្រទេសតួកគី៖ ប្រធានាធិបតីតួកគី រ៉េស៊ីប ថាយ៉ីប អឺដូហ្កាន បាននិយាយកាលពីថ្ងៃសុក្រថា ទួកគីទទួលបានជោគជ័យក្នុងការផ្តាច់ “ច្រករបៀងភេរវករ” ដែលក្រុមនេះបង្កើតឡើងនៅភាគខាងជើងប្រទេសស៊ីរី ចេញពីចំនុចសំខាន់ចំនួន៤។
នៅក្នុងកិច្ចប្រជុំរបស់គណបក្សអភិវឌ្ឍន៍ និងយុត្តិធម៌ (AKP) ដែលកំពុងកាន់អំណាចនៅភាគខាងត្បូងខេត្តអេឌីន លោក អឺដូហ្កាន បាននិយាយថា “ច្រករបៀងភេរវករ” ត្រូវបានបំផ្លាញក្នុងប្រតិបត្តិការឆ្លងព្រំដែន។ លោក អឺដូហ្កាន បានគូសបញ្ជាក់ថា ប្រទេសតួកគីមិនត្រឹមតែបានឆ្លើយតបចំពោះការគំរាមកំហែងនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានលុបបំបាត់ក្រុមភេរវករនៅតំបន់ព្រំដែនរបស់ខ្លួន ដោយសាងសង់របងការពារប្រឆាំងនឹងការវាយប្រហារពីទីស្នាក់ការកណ្តាលរបស់សមាជិកគណបក្សពលករឃឺដ (PKK) ក្នុងភ្នំឃ្វានឌីល ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
លោកបាននិយាយថា “ក្រុមភេរវករមានជម្រើសតែ២នោះទេ គឺបោះបង់អំពើរភេរវកម្មដោយទម្លាក់អាវុធចុះ ឬប្រឈមនឹងការលុបបំបាត់ដែលមិនអាចជៀសផុត”។
ចាប់តាំងពីឆ្នាំ ២០១៦មក តួកគីបានធ្វើប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មជាច្រើនលើកនៅតាមព្រំដែនរបស់ខ្លួនជាមួយភាគខាងជើងប្រទេសស៊ីរី ដើម្បីកំណត់គោលដៅអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ដែលចាត់ទុកខ្លួនឯងថាជាសាខារបស់គណបក្សពលករឃឺដ (PKK)។ ប្រតិបត្តិការទាំងនេះរួមមាន ប្រតិបត្តិការអឺប្រាត ស្ហែល (Euphrates Shield) ក្នុងឆ្នាំ២០១៦ ប្រតិបត្តិការអូលីវ ប្រេន (Operation Olive Branch) នៅឆ្នាំ២០១៨ ប្រតិបត្តិការ ស្ព្រីង ស្ហែល (Spring Shield) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
លោកប្រធានាធិបតីតួកគីបានបញ្ជាក់ទៀតថា ក្រុមសកម្មប្រយុទ្ធ YPG នៅក្នុងប្រទេសស៊ីរីឥលូវនេះ ត្រូវបានបង្ខំឱ្យទាល់ច្រក និងកំពុងស្វែងរកអ្នកឧបត្ថម្ភថ្មីដើម្បីគាំទ្រ។
គួររំលឹកផងដែរថា គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវកម្មដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៤ទសវត្សរ៍មកហើយ៕