ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងខេត្តឌីយ៉ាឡា ភាគខាងកើតប្រទេសអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលជាប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា ដោយសារការអនុវត្តន៍ការស៊ើបអង្កេត កងកម្លាំងអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសនៅថ្ងៃសុក្រ កំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅតំបន់ភ្នំហេមរ៉ីន ភាគខាងជើងខេត្តឌីយ៉ាឡា។
កងកម្លាំងទ័ពរួមគ្នារបស់កងទ័ព និងមន្ត្រីស៊ើបអង្កេតបានស្វែងរកតំបន់គោលដៅកាលពីព្រឹកថ្ងៃសៅរ៍ ដែលការស្រាវជ្រាវនេះបានរកសាកសពរបស់ក្រុមកសម្មប្រយុទ្ធទាំង៤នាក់ ក្នុងនោះមានមេដឹកនាំម្នាក់ដែលនឹងត្រូវបានកំណត់សញ្ញាណនៅពេលក្រោយ។
អាវុធ ខ្សែរក្រវ៉ាត់បំផ្ទុះ គ្រាប់បែកដៃ និងសម្ភារៈភស្តុភារជាច្រើនផ្សេងៗទៀតក៏ត្រូវបានរកឃើញនៅទីតាំងលាក់ខ្លួនផងដែរ។
ដោយអ៊ីរ៉ាក់បានប្រកាសជោគជ័យលើក្រុមសកម្មប្រយុទ្ធ IS ក្នុងឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់នៅតែបន្តវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល៕









