កងទ័ពអ៊ីស្រាអែលនិយាយថាបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៣នាក់នៅហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖    កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៣នាក់នៅភាគខាងជើងតំបន់ហ្កាហ្សា។

ពួកសកម្មប្រយុទ្ធទាំងនេះត្រូវបានសម្លាប់ក្នុងពេលបាញ់តដៃជាមួយកងពលតូចហ្គីវ៉ាធី អ៊ីនហ្វេនទ្រី ប្រីហ្កេត របស់កងកម្លាំងការពារជាតិអ៊ីស្រាអែលក្នុងក្រុងចាបាលៀ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “ដោយមានយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ក្រុមទាហានបានរកឃើញពួកភេរវករ៣នាក់ ដែលបានចូលទៅជិត និងបានលាក់ខ្លួននៅក្នុងសំណង់មួយដែលនៅក្បែរនោះ” ។ ក្រោយមកទៀត ពួកភេរវករបានព្យាយាមវាយប្រហារលើទាហានដោយប្រើប្រលោះនៅក្នុងអាគារ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បានបង្ហាញខ្សែរវីដេអូដែលបង្ហាញពីវត្តមានរបស់ក្រុមប្រដាប់អាវុធនៅក្នុងអាគារ។

យោងតាមកងកម្លាំងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា កងទ័ពបានបាញ់សម្លាប់ពួកសកម្មប្រយុទ្ធ២នាក់ ដែលកំពុងលាក់ខ្លួន ហើយអ្នកទី៣ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលកំណត់គោលដៅដោយកងពលហ្គីវ៉ាធី។

នៅថ្ងៃសៅរ៍ដដែលគ្រាប់រ៉ូកែត១គ្រាប់បានបាញ់ចេញពីភាគខាងត្បូងតំបន់ហ្កាហ្សាតម្រង់ទៅតំបន់សហគមន៍កសិកម្មអ៊ីស្រាអែល ឃេរឹម ស្ហាឡុំ។ ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលបានស្ទាក់ចាប់គ្រាប់នោះ និងមិនមានអ្នកស្លាប់ឬអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here