ការវាយប្រហារតាមអាកាសសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់នៅអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅខេត្តឌីយ៉ាឡា ភាគខាងកើតប្រទេសអ៊ីរ៉ាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា ដោយបានធ្វើសកម្មភាពស៊ើបអង្កេត កងកម្លាំងអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសនៅថ្ងៃសុក្រ ដោយកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) មួយកន្លែងនៅក្នុងតំបន់ជួរភ្នំហេមរ៉ីន។

សេចក្តីថ្លែងការណ៍បន្ថែមថា កម្លាំងរួមគ្នារបស់កងទ័ព និងមន្ត្រីស៊ើបអង្កេតបានស្រាវជ្រាវនៅតំបន់គោលដៅកាលពីព្រឹកថ្ងៃសៅរ៍ ដោយបានរកឃើញសាកសព៤នាក់ក្នុងនោះមានទាំងមេដឹកនាំម្នាក់ដែលនឹងត្រូវកំណត់អត្តសញ្ញាណនៅពេលក្រោយ។

អាវុធ ខ្សែរក្រវ៉ាត់បំផ្ទុះ គ្រាប់បែកដៃ និងសម្ភារៈភស្តុភារជាច្រើនផ្សេងៗទៀតត្រូវបានរកឃើញនៅកន្លែងលាក់ខ្លួនផងដែរ។

បើទោះបីជាអ៊ីរ៉ាក់បានប្រកាសជ័យជម្នៈលើក្រុម IS ក្នុងឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់បន្តវាយប្រហារប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ិវិល នៅតាមតំបន់ទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាលផ្សេងទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here