ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិក-អ៊ីស្រាអេលដើម្បីទទួលបានបទឈប់បាញ់

0

ហ្កាហ្សា៖ ក្រុមហាម៉ាសបាននិយាយនៅថ្ងៃអាទិត្យថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងកូនកាត់អាមេរិក-អ៊ីស្រាអែលម្នាក់ឈ្មោះ អ៊ីដាន អាឡិចហ្សង់ដ័រ ចេញពីតំបន់ហ្កាហ្សាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានបទឈប់បាញ់ និងការបើកច្រកឆ្លងកាត់ព្រំដែនឡើងវិញសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌។

លោក ខាលីល អាល ហាយយ៉ា មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស និងជាប្រធាននៃក្រុមចរចាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហាម៉ាសបានទំនាក់ទំនងជាមួយរដ្ឋបាលសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងបានបង្ហាញ “ភាពវិជ្ជមានខ្ពស់” ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។

“ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឲ្យសម្រេចបាននូវបទឈប់បាញ់ ការបើកច្រកឆ្លងកាត់ និងការអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលមកក្នុងតំបន់ហ្កាហ្សា ចលនានេះនឹងដោះលែងលោក អ៊ីដាន អាឡិចហ្សង់ដ័រ”  នេះបើតាមការថ្លែងរបស់ អាល ហាយយ៉ា។

លោកបានបន្ថែមថា ក្រុមហាម៉ាសបានត្រៀមខ្លួនដើម្បីចាប់ផ្តើមការចរចាភ្លាមៗ ហើយចូលរួមយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចពិភាក្សាក្នុងគោលបំណងបញ្ចប់សង្គ្រាម ឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស និងការបង្កើតអង្គការឯកជនមួយដែលមានជំនាញដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា។

លោក សូហេល អាល ហ៊ីនឌី មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសបានប្រាប់អ្នកយកព័ត៌មានថា ការដោះលែងនឹងចាប់ផ្តើមក្នុងរយៈពេល៤៨ម៉ោង។

គេជឿជាក់ថា លោក អាឡិចហ្សង់ដ័រ អាយុ១៨ឆ្នាំ គឺជាចំណាប់ខ្មាំងជនជាតិអាមេរិកដែលនៅរស់ចុងក្រោយក្នុងតំបន់ហ្កហ្សា។

បទឈប់បាញ់បណ្តោះអាសន្នសម្រេចបានកាលពីខែមករា ដែលអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួន និងការបញ្ជូនជំនួយមនុស្សធម៌ក្នុងអំឡុងដំណាក់កាល៦សប្តាហ៍ដំបូង។ ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាបានបរាជ័យបន្ទាប់ពីដំណាក់កាលទីមួយនេះបានបញ្ចប់នៅថ្ងៃទី១ ខែមីនា ដែលបានបញ្ឈប់ទាំងការផ្លាស់ប្តូរអ្នកទោស និងការបញ្ជូនជំនួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here