ប្រទេសឥណ្ឌូនេស៊ី៖ មន្ត្រីយោធាម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៣នាក់ត្រូវបានសម្លាប់នៅពេលដែលទ័ពឥណ្ឌូនេស៊ីបានកម្ទេចគ្រាប់រំសេវដែលហួសសុពលភាពនៅខេត្តចាវ៉ាខាងលិចកាលពីថ្ងៃចន្ទនេះ។
ឧត្តមសេនីយទោឯក វ៉ាហយុ យុដហាយ៉ាណា អ្នកនាំពាក្យកងទ័ពឥណ្ឌូនេស៊ីបាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោងប្រមាណ៩:៣០នាទី ក្នុងភូមិសាហ្ការ៉ា ទីក្រុងហ្ការុត រីជិនស៊ី។ ជនរងគ្រោះរួមមានទាហាន៤នាក់ និងអ្នកភូមិ៩នាក់។
លោកនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “មន្ត្រី៤នាក់នៃកងទ័ពឥណ្ឌូនេស៊ី និងសមាជិក៩នាក់នៃសហគមន៍នោះបានស្លាប់បាត់បង់ជីវិត”។
លោកបានពន្យល់ថា “ការបំផ្ទុះនៅក្នុងរណ្តៅចំនួន២ ទទួលបានដោយជោគជ័យ។ ប៉ុន្តែនៅពេលដែលក្រុមការងារត្រៀមរៀបចំបំផ្ទុះនៅក្នុងរណ្តៅទី៣ ការផ្ទុះដែលនឹកស្មានមិនដល់បានកើតឡើងបណ្តាលឲ្យទាហាន៤នាក់ និងអ្នកភូមិ៩នាក់ស្លាប់”។
លោក យុដហាយ៉ាណា បានកត់សម្គាល់ថា ក្រុងការងារកងទ័ពបានត្រួតពិនិត្យឧបករណ៍ទាំងអស់ ហើយបានបញ្ជាក់ថាឧបករណ៍ទាំងនោះស្ថិតក្នុងលក្ខខណ្ឌមានសុវត្ថភាព។ ហើយទីតាំងនេះត្រូវបានប្រើប្រាស់ជាប្រចាំសម្រាប់ការកម្ទេចគ្រាប់រំសេវដែលផុតកំណត់។
អ្នកនាំពាក្យបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។លោក យុដហាយ៉ា បានបន្ថែមថា ការស៊ើបអង្កេតមួយនឹងត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃឧបទ្ទវហេតុស្លាប់នេះ៕