ប្រទេសតួកគី៖ ទូរទស្សន៍ TRT គ្រប់គ្រងដោយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទនេះថា គណបក្សពលករឃឺដ (PKK) ខុសច្បាប់ បានប្រកាសការសម្រេចចិត្តរបស់ខ្លួនក្នុងការរំលាយ និងបញ្ចប់ការបះបោរប្រដាប់អាវុធ។
លោក អូម៉ា ស៊ីលីគ អ្នកនាំពាក្យគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) ដែលកំពុងកាន់អំណាចនៅប្រទេសតួកគីបានសរសេរនៅលើបណ្តាញសង្គមអ៊ីក្សថា “ការសម្រេចចិត្តរបស់បក្សពលករឃឺដដើម្បីរំលាយអង្គភាពដោយខ្លួនឯងនិងដាក់អាវុធចុះគឺជាជំហានសំខាន់ឆ្ពោះទៅរកគោលដៅ “ប្រទេសតួកគីគ្មានអំពើរភេរវកម្ម” ។
លោកបានបន្ថែមថា “ការអនុវត្តទាំងស្រុងលើការសម្រេចចិត្តដើម្បីរំលាយ និងប្រគល់អាវុធក្នុងកម្រិតជាក់លាក់មួយដើម្បីបិទសាខាទាំងអស់ រចនាសម្ព័ន្ធបន្ថែម និងខុសច្បាប់របស់ PKK នឹងក្លាយជាការផ្លាស់ប្តូរចុងក្រោយបង្អស់”។
កាសែតក្នុងស្រុក ហារីយេត បានរាយការណ៍ថា PKK បានប្រកាសរំលាយអង្គភាពនៅថ្ងៃចន្ទនេះ បន្ទាប់ពីសមាជដែលបានធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ដែលក្នុងពេលនោះពួកគេបានសម្រេចចិត្តរំលាយរចនាសម្ព័ន្ធអង្គភាព និងបញ្ឈប់រាល់សកម្មភាពប្រដាប់អាវុធ។
ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីការអំពាវនាវមួយដែលធ្វើឡើងនៅខែកុម្ភៈដោយមេដឹកនាំដែលជាប់ពន្ធនាគារ លោក អាបដូឡាហ អូខាលេន ដែលបានជម្រុញឱ្យគណបក្សពលករឃឺដរំលាយអង្គភាពចោល។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ លោក អូខាលេន ដែលជាប់ក្នុងពន្ធនាគារតាំងពីឆ្នាំ១៩៩៩ បានជម្រុញឱ្យ PKK និងក្រុមដែលពាក់ព័ន្ធរបស់ខ្លួនរំសាយ និងដាក់អាវុធចុះ ដែលធ្វើតាមការប្រកាសរបស់ក្រុមស្តីអំពីបទឈប់បាញ់ជាឯកតោភាគី។
PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីប្រមាណជាជាងបីទសវត្សរ៍មកហើយ។
តួកគីបានធ្វើប្រតិបត្តិការយោធាជាប្រចាំនៅភាគខាងជើងអ៊ីរ៉ាក់ ដែលទីស្នាក់ការកណ្តាល និងជាកន្លែងកន្លែងលាក់ខ្លួនរបស់ក្រុមនេះ៕