ប្រទេសស៊ូដង់៖ ជនស៊ីវិលយ៉ាងហោចណាស់១៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅពេលដែលកងទ័ពគាំទ្ររហ័ស (RSF) របស់ទាហានប៉ារ៉ាបាញ់កាំភ្លើងធំនៅទីក្រុងអេល ហ្វាស្ហឺ ទីក្រុងរបស់រដ្ឋណ័ស ដាហ្វ័រ ភាគខាងលិចប្រទេសស៊ូដង់ នេះបើយោងតាមក្រុមអ្នកស្ម័គ្រចិត្តក្នុងក្នុងស្រុក។
គណៈកម្មាធិការសម្របសម្រួលរបស់ក្រុមអ្នកតស៊ូនៅទីក្រុងអេល ហ្វាស្ហឺ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ជនស៊ីវិល១៤នាក់ត្រូវបានសម្លាប់នៅថ្ងៃនេះ ដែលនេះគឺជាលទ្ធផលនៃការបាញ់កាំភ្លើងធំរបស់កងជីវពល RSF”។ ការបាញ់ផ្លោងនេះសំដៅទៅលើផ្សារណៃវ៉ាស្ហា នៅក្នុងជំរំជនភៀសខ្លួនអាប៊ុ ស្ហូក និងតំបន់មួយចំនួននៅភាគខាងជើងទីក្រុងអេល ហ្វាស្ហឺ។
ខាងបន្ទប់សង្គ្រោះបន្ទាន់នៃជំរំអាប៊ុ ស្ហូក បានបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៤នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ផ្លោងកាំភ្លើងធំដោយទាហានប៉ារ៉ានៃកងទ័ពគាំទ្ររហ័ស។ “ទំហំនៃការបាត់បង់មានចំនួនច្រើន ប៉ុន្តែដោយសារតែស្ថានភាពសន្តិសុខ យើងមិនទាន់អាចកំណត់ចំនួនអ្នកស្លាប់ និងអ្នករបួសបាននៅឡើយទេ”។
ទន្ទឹមនឹងគ្នានេះផងដែរ បណ្តាញវេជ្ជបណ្ឌិតស៊ូដង់ដែលជាក្រុមស្ម័គ្រចិត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស១៩នាក់ត្រូវបានសម្លាប់ និង២៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ដែលត្រូវបានគេពិពណ៌នាថាជា “ការបាញ់ផ្លោងដោយចេតនា” របស់ RSF ដែលផ្តោតលើទីសង្កាត់ជាច្រើន និងជំរំជនភៀសខ្លូន អាប៊ុ ស្ហូក ក្នុងទីក្រុងអេល ហ្វាស្ហឺ។
មិនមានសេចក្តីអត្ថាធិប្បាយភ្លាមៗពី RSF អំពីឧប្បត្តិហេតុទាំងនេះនៅឡើយទេ។
ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ការប្រយុទ្ធគ្នាយ៉ាងសាហាវបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និង RSF នៅក្នុងទីក្រុងអេល ហ្វាស្ហឺ ដែលជាផ្នែកនៃជម្លោះដ៏ធំដែលបង្កផលប៉ះពាល់ដល់ប្រទេសស៊ូដង់ចាប់តាំងពីខែមេសា ឆ្នាំ២០២៣។
ជម្លោះនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សរាប់លាននាក់ភៀសខ្លួនទាំងក្នុង និងក្រៅប្រទេស៕