ប្រទេសអាលឺម៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយអាលឺម៉ង់បានរាយការណ៍ថា មនុស្ស៣នាក់ក្នុងនោះមានក្មេងស្រីអាយុ១២ឆ្នាំម្នាក់រងរបួសក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅខាងក្រៅអគារផ្ទះល្វែង នៅក្នុងទីក្រុងសាលេ ភាគខាងកើតប្រទេសអាលឺម៉ង់កាលពីថ្ងៃអាទិត្យ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះម្នាក់រងរបួសធ្ងន់ ចំណែក២នាក់ផ្សេងទៀតរួមទាំងក្មេងម្នាក់រងរបួសស្រាល នេះបើតាមកាសែតប៊ីលអាលឺម៉ង់រាយការណ៍។ បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ទទួលបានការព្យាបាលនៅមន្ទីពេទ្យក្នុងស្រុក។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការវាយប្រហារនេះ ដោយលោកបន្ថែមថា ស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង។ មិនទាន់មានព័ត៌មានណាមួយត្រូវបានគេចេញផ្សាយទាក់ទងនឹងអត្តសញ្ញាណរបស់អ្នកវាយប្រហារ ឬជនរងគ្រោះនោះទេ។
ប៉ូលិសបាននិយាយថា ការចាក់សម្លាប់នេះកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា។ កាសែតប៊ីលរាយការណ៍ថា ជម្លោះនេះអាចបណ្តាលមកពីការប្តឹងផ្តល់អំពីសំឡេងរំខានរបស់ក្មេងៗ។ ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងដំណើរការ៕