ស្លាប់សមាជិកក្រុមហេបូឡា និងរបួសជនស៊ីវិល៣នាក់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ ប្រភពពីប្រទេសលីបង់បានឱ្យដឹងថា សមាជិកហេបូឡាម្នាក់ត្រូវបានសម្លាប់ និងជនស៊ីវិល៣នាក់រងរបួសនៅថ្ងៃចន្ទនេះនៅក្នុងការវាយប្រហារតាមផ្លូវគោក និងអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់។

ភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ (NNA) បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើភូមិនៅជាយក្រុងហ៊ូឡា។ ប្រភពសន្តិសុខលីបង់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា សមាជិកហេបូឡាម្នាក់ ឈ្មោះ អ៊ីសសា ឃ្យូតាយ និងមានដើមកំណើតមកពីទីក្រុងហ៊ូឡា បានស្លាប់ក្នុងការវាយប្រហារតាមអាកាស។

ទន្ទឹមនឹងនេះផងដែរ NNA បាននិយាយថា នៅក្នុងឧបទ្ទវហេតុចំនួន២ផ្សេងទៀត មានមនុស្ស២នាក់រងរបួសនៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលវាយប្រហារលើម៉ូតូមួយគ្រឿងនៅក្នុងតំបន់វ៉ាឌី សាប៊ីន ចំណែកឯមនុស្សម្នាក់ផ្សេងទៀតត្រូវរបួសត្រង់ស្មាដោយសារកងកម្លាំងអ៊ីស្រាអែលបានបាញ់ប្រហារទៅលើគាត់នៅច្រកចូលភូមិកាហ្វ គីឡា។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈដែលមានទំនាក់ទំនងជាមួយក្រសួងសុខាភិបាល បានបញ្ជាក់ពីចំនួនអ្នកស្លាប់និងរបួស ដោយអះអាងថាអ្នករបួសទាំង៣នាក់សុទ្ធតែជាជនស៊ីវិល។

ហេតុការណ៍ទាំងនេះនៅតែកើតមានឡើង បីទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ និងឈានទៅរកការបញ្ចប់ការប៉ះទង្គិចគ្នាជាងមួយឆ្នាំទាក់ទងនឹងសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។

ទោះបីជាមានបទឈប់បាញ់គ្នាក៏ដោយ យោធាអ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមអាកាសនៅក្នុងប្រទេសលីបង់ ដោយអះអាងថាពួកគេមានគោលបំណងលុបបំបាត់ “ការគំរាមកំហែង”  ដែលបង្កឡើងដោយក្រុមហេបូឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here