ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយនៅថ្ងៃចន្ទថា ពួគភេរវករ៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការចំនួន២ដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅក្នុងស្រុកអាវ៉ារ៉ាន និងស្រុកគិច កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជាបន្តបន្ទាប់។
នៅក្នុងតំបន់ហ្គីស្ហគួរនៃស្រុកអាវ៉ារ៉ាន ភេរវករម្នាក់ត្រូវបានសម្លាប់ ចំណែកឯ២នាក់ផ្សេងទៀតរងរបួសក្នុងពេលបាញ់ប្រហារគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមភេរវករកាលពីថ្ងៃសៅរ៍។
ក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀតកាលថ្ងៃអាទិត្យនៅក្នុងទីក្រុងថួរបាត ស្ថិតនៅក្នុងស្រុកគិច ភេរវករ២នាក់ត្រូវបានសម្លាប់ក្នុងជម្លោះអាវុធយ៉ាងសាហាវមួយ។
យោធាបានបន្ថែមថា សព្វាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួនក៏ត្រូវបានរឹបអូសពីភេរវករដែលស្លាប់ទាំងនោះ ដែលពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើនលើកប្រឆាំងនឹងភ្នាក់ងារអនុវត្តច្បាប់ និងជនស៊ីវិល។
ISPR បានបន្ថែមថា ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ភេរវករដែលនៅសេសសល់ក្នុងតំបន់នេះ។ កងកម្លាំងសន្តិសុខប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តក្នុងការរារាំងរាល់ការប៉ុនប៉ងណាមួយដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅខេត្តប៉ាឡូជីស្ថាន៕









