ពួក IS ២នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅកណ្តាលប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅខេត្តសាឡាហូដឌីន កណ្តាលប្រទេសអ៊ីរ៉ាក់។

ដោយផ្អែកតាមស៊ើបអង្កេត កងកម្លាំងអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារ ដោយកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅតំបន់ភ្នំបាលកាណាភាគឦសាននៃខេត្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ក្រុមព័ត៌មានសន្តិសុខ ដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កងកម្លាំងរួមគ្នារបស់កងទ័ព និងមន្ត្រីស៊ើបអង្កេតត្រូវបានបញ្ជូនទៅចំនុចដែលគេទម្លាក់គ្រាប់បែក ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានរកឃើញសាកសពពួកសកម្មប្រយុទ្ធ២នាក់ រួមជាមួយនឹងអាវុធជាច្រើន ទូរស័ព្ទដៃ និងសម្ភារៈភស្តុភារជាច្រើនផ្សេងៗទៀត។

ប្រតិបត្តិការស្វែងរកក្រុម IS និងដំណើរការតាមដានការស៊ើបអង្កេតនៅតែបន្តនៅក្នុងតំបន់នេះ។

ដោយប្រទេសអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើពួក IS ក្នុងឆ្នាំ២០១៧ ក្រុមដែលនៅសេសសល់នៅតែបន្តធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាលផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here