ប្រទេសលីបង់៖ ភ្នាក់ងារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា មនុស្ស២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់។
យោងតាមរបាយការណ៍ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើច្រកចូលតំបន់ព្រៃអាលី អាល់ ថាហឺរ ក្នុងតំបន់ភ្នំណាបាទៀហ ហ្វាកា ដោយបានសម្លាប់មន្ត្រីសាលាក្រុងម៉ាម៉ូដ អាតវ៉ី ក្នុងពេលដែលគាត់កំពុងជិះម៉ូតូនៅតាមផ្លូវទៅបំពេញភារកិច្ច។
មនុស្សម្នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការបាញ់គ្នារបស់អ៊ីស្រាអែលទៅលើភូមិកាហ្វ គីឡា នេះបើតាម NNA។
ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចព្រមព្រៀងឈប់បាញ់គ្នាបានចូលជាធរមានរវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលបញ្ចប់ជម្លោះដែលបង្កឡើងដោយអ៊ីស្រាអែលនិងហាម៉ាសនៅតំបន់ហ្គាហ្សា។
ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ជារឿយៗកងទ័ពអ៊ីស្រាអែលតែងវាយប្រហារទៅលើប្រទេសលីបង់ ដោយបានអះអាងថាពួកគេមានគោលបំណងលុបបំបាត់”ការគំរាមកំហែង” របស់ក្រុមហេបូឡា។ អ៊ីស្រាអែលក៏បានរក្សាវត្តមានយោធានៅទីតាំងសំខាន់ៗចំនួន៥កន្លែងនៅតាមបណ្តោយព្រំដែនប្រទេសលីបង់បើទោះបីជាក្រោយថ្ងៃកំណត់ ១៨ ខែកុម្ភៈ សម្រាប់ការដកកម្លាំងចេញទាំងស្រុងក៏ដោយ៕