ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធ៥នាក់ក្នុងអំឡុងប្រតិបត្តិការនៅតំបន់ហ្កាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
យោងតាមសេចក្តីថ្លែងការណ៍ ក្រុមប្រយុទ្ធមកពីកងពលតូចប៉ារ៉ារបស់កងទ័ពការពារជាតិអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណបុគ្គលប្រដាប់ដោយអាវុធចំនួន៤នាក់នៅក្នុងតំបន់ជាប់គ្នាកាលពីថ្ងៃសុក្រ ហើយបានសម្លាប់ពួកគេទាំងនោះក្នុងពេលប្រឈមមុខដាក់គ្នា។
កងទ័ពការពារជាតិអ៊ីស្រាអែលបានបន្ថែមថា ពួកគេបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស គឺលោក ខាលី ហ្វាវ៉ាណា នៅក្នុងសង្កាត់សាប្រា ទីក្រុងហ្កាហ្សា ដោយបានបញ្ជាក់ថា លោកគឺជាប្រធានកន្លែងផលិតអាវុធនៅក្នុងទីស្នាក់ការកណ្តាលផលិតកម្មអាវុធរបស់ក្រុមនេះ។
យោងតាមសេចក្តីថ្លែងការណ៍ កងទ័ពក៏បានដកហូតអាវុធ និងគ្រឿងផ្ទុះដែលត្រូវបានបង្កប់នៅក្នុងដី ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលនៅក្រោមដី៕