ប្រទេសលីបង់៖ សមាជិកក្រុមហេសបូឡាម្នាក់ស្លាប់នៅល្ងាចថ្ងៃអាទិត្យនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលសំដៅទៅលើរថយន្តមួយគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់លើសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលសាធារណៈ។
ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា សមាជិកក្រុមហេបូឡាដែលស្លាប់នោះគឺលោក មូហាម៉ាដ អាលី ស្រួ ជាអ្នកមកពីភូមិអៃតា អាល ស្ហាប ដែលមានទីតាំងនៅតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសលីបង់។ គាត់នៅលើផ្លូវឌីបេល ក្នុងស្រុកបីន ច្បែល នៅពេលដែលការវាយប្រហារសំដៅលើគាត់។
ការវាយប្រហារតាមអាកាសនេះកើតឡើង បើទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ។ កិច្ចព្រមព្រៀងនេះបានបញ្ចប់អស់រយៈពេលជាង១ឆ្នាំនៃជម្លោះព្រំដែនដែលបង្កឡើងដោយសង្គ្រាមនៅតំបន់ហ្កាហ្សា។
ទោះជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលនៅតែបន្តការវាយប្រហារម្តងម្កាលទៅលើប្រទេសលីបង់ដែលអ៊ីស្រាអែលបាននិយាយថា ដើម្បីលុបបំបាត់ “ការគំរាមកំហែង” ដែលបង្កឡើងដោយក្រុមហេបូឡា៕