ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់ជនសង្ស័យជាក្រុមចោរប្រដាប់អាវុធ២០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រឆាំងភេរវកររបស់យោធានីហ្សេរីយ៉ានៅរដ្ឋភាគខាងជើង ហ្សាមហ្វារ៉ា កាលពីចុងសប្តាហ៍នេះ។
លោក អេហិមិន អេចូដាមេស អ្នកនាំពាក្យរបស់កងទ័ពអាកាសនីហ្សេរីយ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ូតូប្រមាណជាជាង២០គ្រឿងដែលជាកម្មសិទ្ធរបស់ជនសង្ស័យជាក្រុមចោរប្លន់ត្រូវបានបំផ្លាញក្នុងពេលនៃការវាយប្រហារតាមអាកាសនៅក្នុងតំបន់រដ្ឋាភិបាលម៉ារ៉ូ កាលពីថ្ងៃសៅរ៍នេះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “ប្រតិបត្តិការមានគោលបំណងដើម្បីបញ្ឈប់ផែនការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមចោរប្លន់ទៅលើសហគមន៍ដែលងាយរងគ្រោះ”។ របាយការណ៍ស៊ើបការណ៍ស៊ីបអង្កេតដែលយោធាទទួលបានបង្ហាញថា ឧក្រិដ្ឋជនមានចំនួនច្រើនកំពុងប្រមូលផ្តុំគ្នា ហើយកំពុងរៀបចំចេញប្លន់។
របាយការណ៍ស៊ើបការណ៍សម្ងាត់បង្ហាញថា ក្រុមចោរប្លន់ប្រដាប់អាវុធបានសម្លាប់កសិករជាច្រើននាក់ និងបានចាប់ជំរិតជនស៊ីវិលក្នុងនោះមានទាំងស្ត្រី និងកុមារជាច្រើននាក់ នេះបើតាមសេចក្តីថ្លែងការណ៍។
ហេតុការណ៍នេះបានជំរុញឱ្យមានការវាយប្រហារពីយោធាដែលនាំឱ្យមានការបំផ្លាញម៉ូតូជាច្រើនគ្រឿង និងសម្លាប់ជនសង្ស័យជាក្រុមចោរប្លន់។ កងកម្លាំងដែលធ្វើប្រតិបត្តិការតាមផ្លូវគោកបានប្រមូលផ្តុំគ្នាភ្លាមៗដើម្បីគ្រប់គ្រងស្ថានការណ៍។ “ពួកគេបានបញ្ជាក់ពីការបំផ្លាញទ្រព្យសម្បតិ្តរបស់សត្រូវ និងការសម្លាប់ក្រុមចោរប្លន់២០នាក់”។
កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីតាមដាន និងសង្គ្រោះអ្នកភូមិដែលត្រូវបានចាប់ជំរិត ចូលទៅក្នុងព្រៃជាប់គ្នា៕