ប្រទេសអាល់ហ្សេរី៖ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពអាល់ហ្សេរីបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ២នាក់នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដែលកំពុងបន្តនៅខេត្តខេនឆេឡាភាគខាងកើត ជិតព្រំដែនជាមួយប្រទេសទុយនីស៊ី។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះធ្វើឡើងនៅក្នុងតំបន់វ៉េដ បូដខេន ដែលមានចម្ងាយប្រមាណជា៥០០គីឡូម៉ែត្រពីរដ្ឋធានីអាល់ហ្សេរី។ ទាហានបានរឹបអូសកាំភ្លើងអាកាចំនួន២ដើម និងគ្រាប់រំសេវជាច្រើនគ្រាប់នៅទីតាំងកើតហេតុ។
ក្រសួងបាននិយាយថា ប្រតិបត្តិការនេះបានឆ្លុះបញ្ចាំងពី “ការប្រុងប្រយ័ត្ន និងការប្ដេជ្ញាចិត្ត” របស់កងកម្លាំងប្រដាប់អាវុធ ដើម្បីតាមដាន និងលុបបំបាត់ក្រុមភេរវករដែលនៅសល់។
ឧបទ្ទវហេតុនេះគឺជាផ្នែកមួយនៃប្រតិបត្តិការយោធាដែលកំពុងបន្តដោយមានគោលដៅលើក្រុមសកម្មប្រយុទ្ធក្នុងខេត្តជាច្រើននៅភាគខាងជើងប្រទេសអាល់ហ្សេរី។ កាលពីខែឧសភា ឆ្នាំ២០២៥ ក្រុមសកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នានៅទីក្រុងខេនឆេលឡា ចំណែកឯមនុស្ស២នាក់ផ្សេងទៀតត្រូវបានសម្លាប់កាលពីខែកក្កដា ឆ្នាំ២០២៤ ។
យោធាអាល់ហ្សេរីតែងតែធ្វើប្រតិបត្តិការបោសសម្អាតនៅក្នុងតំបន់ភ្នំ និងតំបន់ជនបទជាកន្លែងដែលក្រុមជ្រុលនិយមដែលនៅសេសសល់ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ឬរដ្ឋអ៊ីស្លាម ព្យាយាមប្រមូលផ្តុំគ្នា ឬជ្រៀតចូលក្នុងទីក្រុងក្បែរគ្នា៕