ភេរវករ៥នាក់ស្លាប់ក្នុងប្រតិបត្តិការនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសអ៊ីរ៉ាក់៖ ​ យោធាបាននិយាយកាលពីថ្ងៃចន្ទថា ភេរវករ៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការ២ដាច់ដោយឡែកពីគ្នានៅក្នុងស្រុកផេស្ហាវើរ និងវ៉ារ៉ីស្ថានខាងជើងតាមការរាយការណ៍អំពីវត្តមានរបស់ក្រុមភេរវករ។

សេចក្តីថ្លែងការណ៍របស់ ISPR និយាយថា ក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅក្នុងស្រុកផេស្ហាវ៉ា ពួកភេរវករចំនួន៤នាក់ត្រូវបានសម្លាប់ បន្ទាប់ពីមានការបាញ់ប្រហារគ្នារវាងក្រុមភេរវករ និងកងកម្លាំងសន្តិសុខ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការមួយផ្សេងទៀតដែលផ្អែកលើការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅស្រុកវ៉ារ៉ីស្ថានខាងជើង ហើយក្នុងពេលបាញ់ប្រហារគ្នា ភេរវករម្នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ។

យោងតាម ISPR បានឱ្យដឹងទៀតថា ឃ្លាំងអាវុធ និងគ្រាប់រំសេវដ៏ច្រើនត្រូវបានរឹបអូសពីពួកភេរវករ ដែលពួកគេទាំងនេះតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខនៅក្នុងតំបន់។

ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់នោះ។

ខាងយោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងដោយអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេសនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here