ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានវាយប្រហារដំណាលគ្នាជាច្រើនលើកទៅលើគោលដៅយោធានៅក្នុងទីតាំងចំនួន៤កន្លែងនៅភាគខាងលិច និងភាគកណ្តាលប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យនេះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ការវាយប្រហារត្រូវបានធ្វើឡើងដោយយន្តហោះចម្បាំងប្រមាណ៣០គ្រឿងដែលបានទម្លាក់គ្រាប់បែកមិនតិចជាង៦០គ្រាប់តាមការណែនាំពីចារកម្ម IDF។
IDF និយាយថា ជាផ្នែកនៃការវាយប្រហារ យន្តហោះចម្បាំងអ៊ីស្រាអែលបានកំណត់គោលដៅទៅលើមជ្ឈមណ្ឌលបញ្ជាមីស៊ីលយុទ្ធសាស្ត្រហូសេននៅក្នុងតំបន់យ៉ាដ ដែលជាឃ្លាំងផ្ទុកគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ខូរ៉ាមស្ហា។
ប្រភពបន្ថែមថា មីស៊ីលប្រមាណ៦០គ្រាប់ត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលបញ្ជាមីស៊ីលមួយនេះតម្រង់ទៅក្នុងប្រទេសអ៊ីស្រាអែល។ ស្របពេលជាមួយគ្នានេះផងដែរ ឧបករណ៍បាញ់មីស៊ីលរបស់អ៊ីរ៉ង់ក៏រងការវាយប្រហារផងដែរដូចជានៅក្នុងទីក្រុងអ៊ីហ្វ្រាហាន ទីក្រុងប៊ូសស្ហី និងទីក្រុងអាវ៉ាហ្ស។
ប្រភពបានបន្ថែមថា ការវាយប្រហារក៏ត្រូវបានធ្វើឡើងទៅលើទីតាំងយោធាដែលពាក់ព័ន្ធនឹងការផលិតថ្មសម្រាប់ប្រព័ន្ធការពារអាកាស មជ្ឈមណ្ឌលបញ្ជាយន្តហោះគ្មានមនុស្សបើក និងឃ្លាំងរក្សាទុកយន្តហោះគ្មានមនុស្សបើក។
IDF បានបន្ថែមថា ក្នុងពេលវាយប្រហារ យន្តហោះចម្បាំងអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណទាហានអ៊ីរ៉ង់កំពុងតម្លើងមីស៊ីល ហើយបានបាញ់សម្លាប់ពួកគេ៕









