ក្រុមឧទ្ទាមចលនា២៣មីនាសម្លាប់ជនស៊ីវិល១៧នាក់នៅភាគខាងកើតកុងហ្គោ

0

កុងហ្គោ៖ កាលពីថ្ងៃចន្ទនេះយោធានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចោទប្រកាន់លើក្រុមឧទ្ទាមចលនា២៣មីនា (M23) ថាបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៧នាក់នៅក្នុងការវាយប្រហារមួយនៅតំបន់ភាគខាងកើតនៃប្រទេសនេះ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបានកើតឡើងនៅល្ងាចថ្ងៃសៅរ៍ក្នុងភូមិមុនហ្ស៊ីនហ្ស៊ី តំបន់វ៉ាឡុងហ្កូ ខេត្តគីវ៉ូខាងត្បូង។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកប្រយុទ្ធរបស់ក្រុមឧទ្ទាម M23  បានសម្រុកចូលក្នុងភូមិនៅម៉ោងប្រមាណ៦:៣០នាទីល្ងាច ហើយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៧នាក់ និងដុតផ្ទះជាច្រើនខ្នង។

អ្នកស្រុកជាច្រើននាក់បានភៀសខ្លួនទៅទីតាំងយោធានៅក្បែរនោះដើម្បីសុវត្ថិភាព នេះបើតាមសេចក្តីថ្លែងការណ៍។ ការសម្លាប់នេះទំនងជាធ្វើឡើងដើម្បីសងសឹកចំពោះការចាញ់ក្នុងសមរភូមិនាពេលថ្មីៗនេះរបស់ក្រុមឧទ្ទាម។

ក្រុមឧទ្ទាម M23 ដែលជាក្រុមប្រដាប់អាវុធមួយដែលសកម្មបំផុតនៅក្នុងតំបន់ បានបើកការវាយប្រហារជាបន្តបន្ទាប់នៅក្នុងខេត្តគីវ៉ូខាងជើង និងខាងត្បូង ដែលបង្កឲ្យមនុស្សរាប់រយពាន់នាក់រត់ភៀសខ្លួន និងធ្វើឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here