ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ពួកសកម្មប្រយុទ្ធជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចំនួន៣នាក់ក្នុងប្រតិបត្តិការមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ដោយផ្អែកតាមរបាយការណ៍ស៊ើបអង្កេត កងកម្លាំងប្រឆាំងភេរវកម្មបានលបឆ្មក់លើក្រុមសកម្មប្រយុទ្ធ ហើយបានសម្លាប់ពួកគេនៅក្នុងខេត្តកឺកុក នេះបើតាមសេចក្តីថ្លែងការណ៍ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងពិតប្រាកដរបស់ពួកគេក្នុងខេត្តនេះទេ។ ពួកសកម្មប្រយុទ្ធ២នាក់គឺជាមេបញ្ជាការតំបន់ និងម្នាក់ទៀតជាមេបញ្ជាការកងវរសេនាតូចនៅក្នុងខេត្តកឺកុក។
សេចក្តីថ្លែងការណ៍បន្ថែមថា ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់នឹងបន្តកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់នៅក្នុងប្រទេសអ៊ីរ៉ាក់។
គួររំលឹកផងដែរថា ចាប់តាំងពីអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧ អ្នកដែលនៅសេសសល់នៃក្រុមមួយនេះនៅតែបន្តការវាយប្រហារលើកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល៕









