ប្រទេសអ៊ីរ៉ាក់៖ ភ្នាក់ងារព័ត៌មានជាតិអ៊ីរ៉ាក់បានរាយការណ៍ថា រ៉ូកែត២គ្រាប់ធ្លាក់លើតំបន់មូលដ្ឋានទ័ពអាកាសកាលពីល្ងាចថ្ងៃចន្ទនៅក្នុងទីក្រុងកឺកុកភាគខាងជើងប្រទេសអ៊ីរ៉ាក់ តែមិនបណ្តាលឱ្យមានអ្នកស្លាប់ឬរបួសនោះទេ។
ភ្នាក់ងារព័ត៌មានបានដកស្រង់សម្តីសន្តិសុខជាន់ខ្ពស់ដែលនិយាយថា រ៉ូកែតខាតយូស្ហាចំនួន២គ្រាប់ត្រូវបានបាញ់មកលើមូលដ្ឋានទ័ពអាកាសកឺកុក។ រ៉ូកែតមួយគ្រាប់បានធ្លាក់នៅចន្លោះផ្លូវយន្តហោះចុះឬឡើងទី១ និងទី២នៃមូលដ្ឋានទ័ពអាកាស ចំណែកឯមួយគ្រាប់ទៀតធ្លាក់លើផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។
ប្រភពបញ្ជាក់ថា “ការវាយប្រហារមិនបណ្តាលឱ្យមានអ្នកស្លាប់ឬរបួស ឬការខូចខាតនោះទេ”។ ប្រភពបន្តថា រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕









