ប្រទេសអ៊ីស្រាអែល៖ ប៉ុស្តិ៍ទូរទស្សន៍អាល់ហ្សាហ្សេរ៉ារបស់កាតាបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៩៥នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទនេះ។
បុស្តិ៍ទូរទស្សន៍បានផ្សាយថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារលើហាងកាហ្វេមួយកន្លែង មន្ទីពេទ្យមួយកន្លែង សាលារៀនមួយកន្លែង និងទីតាំងចែកចាយអាហារជាច្រើនកន្លែងនៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៩៥នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។
យោងតាមបុស្ត៍ទូរទស្សន៍ដដែលបានឱ្យដឹងថា មនុស្ស៣៩នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើហាងកាហ្វេមាត់សមុទ្រដែលមានមនុស្សច្រើនកុះករនៅភាគខាងជើងតំបន់ហ្កាហ្សាដើម្បីប្រារព្ធកម្មវិធីខួបកំណើតដែលក្នុងនោះមានទាំងស្ត្រី និងកុមារ។ នៅថ្ងៃចន្ទដដែលនេះផងដែរ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើសាលាយ៉ាហ្វានៅក្នុងទីក្រុងហ្កាហ្សា ដែលទីនោះគឺជាកន្លែងដែលជនភៀសខ្លួនប៉ាឡេស្ទីនរាប់រយនាក់ស្នាក់នៅ។
កាលពីថ្ងៃទី១៨ ខែមីនា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានរាយការណ៍ថា ការវាយប្រហារតាមអាកាសទៅលើមូលដ្ឋានរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សាបានបញ្ចប់បទឈប់បាញ់គ្នាដែលបានព្រមព្រៀងគ្នាកាលពីខែមករាដើមឆ្នាំនេះ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) បាននិយាយថា រដ្ឋជីហ្វបានបន្តប្រតិបត្តិការយោធាឡើងវិញនៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ក្រុមហាម៉ាសបានច្រានចោលសំណើរបស់អាមេរិកដែលបានដាក់ចេញដោយអ្នកសម្របសម្រួល និងប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ស្ទីវ វីតកូហ្វ។
ការិយាល័យនាយករដ្ឋមន្ត្រីបានលើកឡើងថា យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារឡើងវិញលើគោលដៅរបស់ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ដើម្បីធានាឲ្យមានការដោះលែងចំណាប់ខ្មាំង ហើយបន្ទាប់មកកងទ័ពនឹងបង្កើនយុទ្ធនាការរបស់ខ្លួននៅក្នុងតំបន់ដែលនៅជុំវិញនោះ។ ក្រុមជ្រុលនិយមបានបន្ទោសអាមេរិកចំពោះការបន្តឈ្លានពានឡើងវិញរបស់អ៊ីស្រាអែល។
គួររំលឹកផងដែរថា នៅថ្ងៃទី១៨ ខែឧសភា រដ្ឋជីហ្វបាននិយាយថា IDF បានឈានចូលដល់ដំណាក់កាលផ្តាច់ព្រាត់នៃប្រតិបត្តិការ ហ្គីឌីអូន ឆារៀត (Gideon’s Chariots ) ដែលមានគោលបំណងកម្ចាត់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា៕









