ប្រទេសប៉ាគីស្ថាន៖ យោងតាមរបាយផ្លូវការបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលម្នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅខេត្តប៉ាឡូជីស្ថានភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ចំណែកឯភេរវករ២នាក់ទៀតត្រូវបានសម្លាប់នៅក្នុងសកម្មភាពវាយបកវិញរបស់កងកម្លាំងសន្តិសុខ។
លោក ស្ហាហីដ រ៉ាញ អ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡូជីស្ថានបានប្រាប់អ្នកយកព័ត៌មានថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកម៉ាសតាំងជាកន្លែងដែលជនល្មើសប្រដាប់ដោយអាវុធបើកការបាញ់ប្រហារសម្លាប់ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ និងបង្ករបួសស្នាមដល់មនុស្ស៧នាក់ផ្សេងទៀត។
លោកបាននិយាយថា កម្លាំងសន្តិសុខដែលក្នុងនោះមាន កងទ័ពព្រំដែនរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងកងទ័ពប៉ារ៉ារបស់ខេត្តនេះ បានវាយបកភ្លាមៗចំពោះការវាយប្រហារនេះ ដោយបានឡោមព័ទ្ធតំបន់នេះ ហើយបណ្តេញពួកសកម្មប្រយុទ្ធទាំងនោះឲ្យដកថយ។
លោក រ៉ាញ បាននិយាយថា “ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានកើតឡើងនៅពេលដែលកងកម្លាំងសន្តិសុខបានឡោមព័ទ្ធក្រុមសកម្មប្រយុទ្ធ ដែលភេរវករ២នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។”









