ស្លាប់ម្នាក់ របួស៣នាក់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់

0

ប្រទេសលីបង់៖ ភ្នាក់ងារព័ត៌មានជាតិបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើរថយន្តមួយគ្រឿងនៅលើផ្លូវខាលដេ ភាគខាងត្បូងរដ្ឋធានីបេរូតប្រទេសលីបង់នៅរសៀលថ្ងៃព្រហស្បត៍បានសម្លាប់មនុស្សម្នាក់ និងបង្ករបួសស្នាមដល់មនុស្ស ៣នាក់ផ្សេងទៀត។

ភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ការវាយប្រហារតាមអាកាសដែលបានកើតឡើងនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីអាកាសយាន្តដ្ឋានបេរូត បានបង្កឱ្យមានការកកស្ទះចរាចរណ៍នៅលើផ្លូវហាយវ៉េ និងធ្វើឱ្យខូចខាតរថយន្តដែលចតទុកនៅក្បែរនោះជាច្រើនគ្រឿង។

រថយន្តសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីដឹកជនរងគ្រោះទៅមន្ទីពេទ្យក្បែរនោះ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយយោធាអ៊ីស្រាអែលបានឱ្យដឹងថា យោធាអ៊ីស្រាអែលបានសម្លាប់ពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយកងទ័ពឃូដរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសលីបង់នេះ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា អ្នកសកម្មប្រយុទ្ធដែលគេមិនបង្ហាញអត្តសញ្ញាណ គឺជាអ្នកទទួលខុសត្រូវលើការរត់ពន្ធអាវុធ និងដឹកនាំការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងទ័ពនៃកងទ័ពការពារជាតិអ៊ីស្រាអែល តាំងនាមឲ្យកងទ័ពឃូដរបស់អ៊ីរ៉ង់នៅក្នុងតំបន់ប្រចាំនៅភូមិស៊ីលហ្វាយាក្នុងប្រទេសលីបង់។ ភូមិស៊ីលហ្វាយានេះមានទីតាំងស្ថិតនៅក្នុងខេត្តមោណលីបង់ នៅជិតទីក្រុងខាលដេ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ បើទោះបីជាមានសេចក្តីសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលតម្រូវឲ្យភាគីទាំងពីរបញ្ចប់ការប្រយុទ្ធគ្នាឆ្លងព្រំដែនរយៈពេល១៤ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here