ប្រទេសតួកគី៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសតួកគីឃុំខ្លួនមនុស្ស៩នាក់ដែលគេសង្ស័យថាជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងពេលប្រតិបត្តិការនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំបំផុតរបស់តួកគីកាលពីថ្ងៃអាទិត្យនេះ។
ក្រុមប៉ូលិសបានវាយឆ្មក់ទៅលើទីតាំងជាច្រើនកន្លែងនៅទូរទាំងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីចាប់ខ្លួនជនសង្ស័យដែលគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងសកម្មភាពរបស់ក្រុម IS ដែលមានទំនាក់ទំនងជាមួយតំបន់ជម្លោះនៅបរទេស នេះបើតាមភ្នាក់ងារសារព័ត៌មានដេមីរ៉ូរ៉ែន។ ជនសង្ស័យទាំងអស់ក៏ត្រូវបានគេរកឃើញថាជាអ្នកគ្រប់គ្រងគណនីបណ្តាញសង្គមជាច្រើនរបស់ក្រុម IS ផងដែរ។
ភ្នាក់ងារសារព័ត៌មានដេមីរ៉ូរ៉ែនបានរាយការណ៍ថា បន្ទាប់ពីប្រតិបត្តិការ ជនសង្ស័យ៦នាក់ ដែលជាជនបរទេសត្រូវបានបញ្ចូនទៅមជ្ឈមណ្ឌលនិរទេសដើម្បីបញ្ជូនចេញពីប្រទេសចំណែកឯជនសង្ស័យ៣នាក់ផ្សេងទៀតត្រូវបានតុលាការចាប់ខ្លួន និងបញ្ជូនទៅពន្ធនារគារ។ សញ្ជាតិរបស់ជនសង្ស័យបរទេសទាំងអស់គឺមិនត្រូវបានបញ្ចេញឱ្យដឹងភ្លាមៗនោះទេ។
គួររំលឹកផងដែរថា ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក ប្រទេសមួយនេះប្រឈមមុខនឹងការវាយប្រហារជាច្រើនពីក្រុមមួយនេះ។ ទីក្រុងអង់ការ៉ាបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុង និងក្រៅប្រទេស៕









