មេដឹកនាំក្រុមហាម៉ាសស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ហ្កាហ្សា៖  ក្រុមហាម៉ាសបាននិយាយនៅថ្ងៃអង្គារក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំរបស់ខ្លួន គឺលោក ម៉ូហាមេដ ហ្វារ៉ាច អាល់ហ្កូល ត្រូវបានសម្លាប់នៅក្នុងការប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះទេ ហើយក៏មិនមានសេចក្តីអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលលើការវាយប្រហារតាមអាកាសនេះដែរ។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលយោធាអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយព្រមានអ្នកស្រុកនៅក្នុងតំបន់ជាច្រើនក្នុងទីក្រុងហ្កាហ្សា និងទីក្រុងចាបាលៀ ភាគខាងជើងហ្កាហ្សា ឲ្យជម្លៀសខ្លួនភ្លាមៗទៅតំបន់ភាគខាងលិច ហើយបន្ទាប់មកទៅតំបន់ភាគខាងត្បូងឆ្ពោះទៅកាន់តំបន់អាល ម៉ាវ៉ាស៊ី ចំពេលការកើនឡើងនៃប្រតិបត្តិការយោធា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែមីនា អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធារបស់ពួកគេឡើងវិញនៅក្នុងហ្កាហ្សា។

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងហ្កាហ្សាបាននិយាយនៅថ្ងៃអង្គារថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៧.៦៥៦នាក់ត្រូវបានសម្លាប់ និង២៧.៣១៤នាក់រងរបួសចាប់តាំងពីអ៊ីស្រាអែលបន្តការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួនឡើងវិញ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ កើនដល់៥៨.៤៧៩នាក់ និងរបួស១៣៩.៣៥៥ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here