ប្រទេសយ៉េមែន៖ ក្រុមឧទ្ទាមហ៊ូធីរបស់យ៉េមែនបានអះអាងកាលពីថ្ងៃអង្គារទទួលខុសត្រូវលើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៣លើកទៅលើអ៊ីស្រាអែលកាលពីពេលព្រឹក ដោយគោលដៅទីមួយវាយប្រហារលើកំពង់ផែអៃឡាត និងគោលដៅវាយប្រហារ២ផ្សេងទៀតលើទីតាំងយោធានៅក្នុងតំបន់ណេហ្គេវ។
លោក យ៉ាហយ៉ា សារៀ អ្នកនាំពាក្យក្រុមហ៊ូធីបាននិយាយថា ក្រុមហ៊ូធីនឹងបន្តវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើអ៊ីស្រាអែលរហូតទាល់តែការឈ្លានពានលើតំបន់ហ្កាហ្សាត្រូវបានបញ្ឈប់ និងការហាមឃាត់ផ្សេងៗត្រូវបានដកចេញ។
កាលពីព្រឹកថ្ងៃអង្គារនេះ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានស្ទាក់ចាប់ដ្រូនរបស់ក្រុមហ៊ូធីហោះដែលហោះឆ្ពោះទៅកាន់ទីក្រុងអៃឡាតនៅសមុទ្រក្រហម។ មិនមានរបាយការណ៍ពីចំនួនអ្នករងរបួសឬការខូចខាតដោយសារការវាយប្រហារនេះទេ។ ទន្ទឹមនឹងនេះផងដែរ មិនទាន់មានរបាយការណ៍ជាផ្លូវការរបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហ៊ូធីទៅលើទីក្រុងណេហ្គេវ ភាគខាងត្បូងអ៊ីស្រាអែលនោះទេ។
គួររំលឹកផងដែរថា កម្លាំងហ៊ូធីបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ និងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿង ចូលទៅក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីមានសង្គ្រាមក្នុងតំបន់ហ្កាហ្សានៅខែតុលា ឆ្នាំ២០២៣ ដោយបានលើកឡើងពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ គ្រាប់ផ្លោងភាគច្រើនត្រូវបានស្ទាក់ចាប់ ឬធ្លាក់ខុសគោលដៅ។ ជាកាឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើននៅក្នុងប្រទេសយ៉េមែន៕









