ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធ៣នាក់ និងមន្ត្រីរបស់កងទ័ពប៉ាគីស្ថានម្នាក់បានស្លាប់ក្នុងពេលប៉ះទង្គិចគ្នានៅក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកអាវ៉ារ៉ានជាកន្លែងដែលកងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការដោយផ្អែកលើសេចក្តីរាយការណ៍អំពីវត្តមានរបស់ភេរវករ នេះបើតាមអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍។
“ក្នុងពេលប្រតិបត្តិការ កងទ័ពប៉ាគីស្ថានបាន ប្រយុទ្ធជាមួយពួកភេរវករ សម្លាប់ពួកវាបានចំនួន៣នាក់” នេះបើតាមការរៀបរាប់របស់ ISPR ដោយអង្គភាពនេះបានបន្ថែមទៀតថា មន្ត្រីម្នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះផងដែរ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមទៀតថា បន្ទាប់ពីការប៉ះទង្គិចគ្នា កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការបោសសម្អាតក្នុងតំបន់ដើម្បីលុបបំបាត់ការគំរាមកំហែងដែលនៅសេសសល់៕









