ក្រុមឧទ្ទាមហ៊ូធីអះអាងថាបានបង្ហោះដ្រូន៥គ្រឿងទៅគោលដៅយោធាអ៊ីស្រាអែល

0

ប្រទេសយ៉េមែន៖ ក្រុមឧទ្ទាមហ៊ូធីរបស់យ៉េម៉ែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីល្ងាចថ្ងៃពុធថា ខ្លួនបានបញ្ជាយន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿងទៅកាន់គោលដៅយោធាអ៊ីស្រាអែលចំនួន៣ទីតាំងផ្សេងៗគ្នាកាលពីពេលល្ងាចមុននេះ។

ក្នុងសេចក្តីថ្លែងការដែលចុះផ្សាយដោយទូរទស្សន៍អាល់ម៉ាសៀរ៉ាហ  អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធហ៊ូធី លោក យ៉ាហយ៉ា​ សារៀ បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿងបានវាយប្រហារលើគោលដៅយោធានៅក្នុងទីក្រុងតែលអាវីវ ទីក្រុងអាសឃេឡុន និងទីក្រុងណេហ្គីវ។ លោកបានអះអាងថាប្រតិបត្តិការនេះ “ទទួលបានជោគជ័យ”  និង “ វាយត្រូវចំគោលដៅល្អណាស់”

កាលពីពេលល្ងាចមុននេះ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបាញ់ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលបានបង្ហោះចេញពីប្រទេសយ៉េមែន មុនពេលវាហោះចូលដែនអាកាសប្រទេសអ៊ីស្រាអែល។ IDF បានបន្ថែមថា មិនមានសំឡេងស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើងដោយសារតែការវាយប្រហារនេះទេ

នេះគឺជាការវាយប្រហារលើកទី២របស់ក្រុមហ៊ូធីប្រឆាំងនឹងអ៊ីស្រាអែលក្នុងរយៈពេល​២៤ម៉ោង បន្ទាប់ពី IDF បានរាយការណ៍ពីការបាញ់ស្ទាក់ចាប់គ្រាប់មីស៊ីលដែលវាយប្រហារដោយក្រុមហូធីកាលពីល្ងាចថ្ងៃអង្គារ។

ក្រុមហ៊ូធី ដែលគ្រប់គ្រងភាគច្រើនលើតំបន់ភាគខាងជើងនៃប្រទេសយេម៉ែន បានកំណត់គោលដៅលើប្រទេសអ៊ីស្រាអែលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣​ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here