ទីក្រុងគៀវ៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់ត្រូវបានសម្លាប់ និង៥២នាក់រងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្សីកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ លោក ធីមួរ ថាកឆេងហ្កូ ប្រធានរដ្ឋបាលនៃយោធាទីក្រុងគៀវបានសរសេរលើតេលេក្រាមថា ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះ។
លោកបន្ថែមថា ការវាយប្រហារនេះធ្លាក់ត្រូវចំទីតាំងចំនួន២៧កន្លែងនៅក្នុងទីក្រុង និងបានបំផ្លាញផ្នែកខ្លះរបស់អគារស្នាក់នៅ៩ជាន់។ លោកអភិបាលទីក្រុងគៀវ វីតាលី គ្លីតឆ្កូ បាននិយាយថា អគារស្នាក់នៅមួយផ្សេងទៀតរងការខូចខាតធ្ងន់ធ្ងរនៅស្រុកសូឡូម៉េនស្គីភាគខាងលិច។
ប្រតិបត្តិការជួយសង្គ្រោះនៅទីតាំងកើតហេតុកំពុងបន្ត ហើយចំនួនជនរងគ្រោះអាចនឹងកើនឡើង នេះបើតាមប្រភពលោកថ្កាឆេនកូ។
ស្របពេលជាមួយគ្នានេះផងដែរ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារនៅលើតេលេក្រាមថា រុស្សីបានបញ្ជាយន្តហោះគ្មានមនុស្សបើកច្រើនជាង៣០០គ្រឿង និងគ្រាប់មីស៊ីល៨គ្រាប់ចូលមកប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយភាគច្រើនកំណត់គោលដៅលើទីក្រុងគៀវ៕









