ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសម្នាក់ និងភេរវករ២នាក់ស្លាប់ ចំណែកឯមន្ត្រីប៉ូលិស៤នាក់ផ្សេងទៀតរងរបួសនៅពេលដែលក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើបុស្តិ៍ប៉ូលិសនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ នេះបើតាមប្រភពពីប៉ូលិស។
ប៉ូលិសស្រុកបានប្រាប់អ្នកយកព័ត៌មានថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ ២:៣០នាទីព្រឹកម៉ោងក្នុងស្រុក នៅស្រុកបាននូ ខេត្តខាយប័រ ផាកថុនវ៉ា ជាចំនុចដែលក្រុមសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារដោយប្រើទាំងអាវុធធុនតូច និងធុនធ្ងន់ទៅលើបុស្ត៍ប៉ូលិស។
ប្រភពបានបន្ថែមថា ប៉ូលិសបានបាញ់តបតវិញ ហើយការបាញ់គ្នានេះមានរយៈពេលប្រមាណ ៣០នាទីមុនពេលស្ងប់ស្ងាត់ទៅវិញ។
ក្នុងអំឡុងប្រតិបត្តិការរុករកដែលធ្វើឡើងនៅពេលបន្ទាប់ ប៉ូលិសបានរកឃើញសាកសពពួកសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណ២នាក់ ដែលស្លាប់ក្នុងការបាញ់ប្រហារនេះ។
យោងតាមប្រភពបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធមួយផ្សេងទៀតបានលបវាយឆ្មក់លើប៉ូលិសយាមល្បាតម្នាក់ដែលនៅទីតាំងប៉ុស្តិ៍ប៉ូលិសដដែលក្នុងពេលនៃការវាយប្រហារនោះ ប៉ុន្តែមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕









