ប្រទេសកាមេរូន៖ ប្រភពសន្តិសុខបាននិយាយនៅថ្ងៃអាទិត្យថា យ៉ាងហោចណាស់អ្នកប្រយុទ្ធបំបែកខ្លួន៤នាក់ រួមទាំងមេបញ្ជាការ២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់យោធានៅតំបន់ភាគនិរតីនៃប្រទេសកាមេរូន។
មន្ត្រីយោធាក្នុងតំបន់បាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានលបឆ្មក់ និងវាយប្រហារលើអ្នកប្រយុទ្ធកាលពីល្ងាចថ្ងៃសៅរ៍ ក្នុងតំបន់ម៉ាវមូ នៃតំបន់ប្រើភាសាអង់គ្លេស។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា “បន្ទាប់ពីទទួលបានព័ត៌មានពីប្រភពរបស់យើងដែលនៅទីតាំងនោះ ទាហានដ៏អង់អាចរបស់យើងបានលបឆ្មក់ចាប់ក្រុមភេរវករផ្តាច់ខ្លួនដែលដើរល្បាតជាប្រចាំ និងបង្កភាពភ័យខ្លាចដល់ជនស៊ីវិល។ ពួកគេបានព្យាយាមរត់គេចខ្លួន ប៉ុន្តែកងកម្លាំងជំនាញរបស់យើងបានស្លាប់ពួកគេនៅនឹងកន្លែង”។
មន្ត្រីរូបនោះបានបន្ថែមថា “ភេរវករ២នាក់ក្នុងចំណោម៤នាក់គឺជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់ជនស៊ីវិល២នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារពេញមួយយប់កាលពីខែមុន នៅទីប្រជុំជនបូអៀ។ យើងនឹងនៅតែបន្តការពារសុវត្ថិភាពនៅក្នុងតំបន់ និងជនស៊ីវិល”។
ប្រទេសកាមេរូនបានដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់តំបន់និយាយភាសាអង់គ្លេសនៅភាគពាយ័ព្យ និងនិរតីដែលហែកហួរដោយសារសង្គ្រាម ដែលប្រទេសមួយនេះបានត្រៀម រៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែតុលាខាងមុខនេះ។
គួររំលឹកផងដែរថា កងកម្លាំងរដ្ឋាភិបាលបានប៉ះទង្គិចគ្នាជាមួយអ្នកប្រយុទ្ធបំបែកខ្លួននៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ២០១៧។ ពួកបំបែកខ្លួនទាំងនោះចង់បង្កើតប្រទេសឯករាជ្យនៅក្នុងតំបន់៕









