ប្រទេសលីបង់៖ មនុស្ស៦នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលផ្សេងគ្នាចំនួន២លើកទៅលើតំបន់ភាគខាងកើតប្រទេសលីបង់ នេះបើតាមមន្ត្រីរបស់ប្រទេសលីបង់។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈ ដែលមានទំនាក់ទំនងជាមួយក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយលើកទៅលើផ្លូវមាសណាបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង១០នាក់របួស និងការវាយប្រហារតាមអាកាសមួយលើកផ្សេងទៀតទៅលើទីក្រុងហ្វាដាន ស្រុកបាលបេគបណ្តាលឱ្យមនុស្សម្នាក់ស្លាប់។
ក្នុងការវិវឌ្ឍន៍មួយផ្សេងទៀតដែលភ្នាក់ងារសារព័ត៌មានជាតិលីបង់ផ្លូវការបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីលីបង់បានអនុម័តនៅថ្ងៃព្រហស្បតិ៍នេះក្នុងកិច្ចប្រជុំដែលគោលដៅផ្តល់នូវចំនុចសំខាន់ៗទៅលើសំណើររបស់សហរដ្ឋអាមេរិកដើម្បីរំសាយសព្វាវុធរបស់ក្រុមហេបូឡា។
“យើងបានយល់ព្រមដើម្បីបញ្ចប់វត្តមានពួកប្រដាប់អាវុធខុសច្បាប់នៅលើទឹកដីរបស់យើងទាំងមូលដែលក្នុងនោះមានក្រុមហេសបូឡាផងដែរ ហើយដាក់ពង្រាយកងទ័ពលីបង់នៅតាមខ្សែបន្ទាត់តំបន់ព្រំដែន” នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់លោក ផូល ម័រកូស បាននិយាយក្រោយពេលកិច្ចប្រជុំ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមានដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសប៉ារាំង បានផ្ទុះឡើងវិញបន្ទាប់ពីសង្គ្រាមនៅហ្កាហ្សា។
ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលបានវាយប្រហារម្តងម្កាលទៅលើប្រទេសលីបង់ ដោយអះអាងថាពួកគេមានបំណងលុបបំបាត់ “ការគំរាមកំហែង” ដែលបង្កឡើងដោយក្រុមហេសបូឡា៕









