ប្រទេសយ៉េមែន៖ មន្ត្រីយោធាប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងរដ្ឋាភិបាលយ៉េមែនបានវាយបកទៅលើការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហ៊ូធីនៅខេត្តដាលៀ ភាគខាងត្បូងប្រទេសយ៉េមែនកាលពីថ្ងៃសៅរ៍ ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធហ៊ូធីចំនួន៣នាក់ក្នុងពេលប្រឈមមុខដាក់គ្នា។
មន្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ក្រុមឧទ្ទាមហ៊ូធីបានប្រើកាំភ្លើងធំធុនធ្ងន់ក្នុងការប៉ុនប៉ងទម្លុះខ្សែរការពាររដ្ឋាភិបាលនៅក្នុងតំបន់បាប ហ្កាឡាក ភាគខាងជើងខេត្តដាលៀ បង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងក្រុមហ៊ូធី និងកងកម្លាំងរដ្ឋាភិបាល។
មន្ត្រីរូបនោះនិយាយថា ការប្រយុទ្ធគ្នាមានរយៈពេលប្រមាណជាមួយម៉ោងមុនពេលក្រុមឧទ្ទាមហ៊ូធីត្រូវបានបង្ខំឱ្យដកថយចេញពីកន្លែងប្រយុទ្ធគ្នាទៅទីតាំងរបស់ពួកគេវិញ ចំណែកឯកងកម្លាំងរដ្ឋាភិបាលបានរក្សាទីតាំងការពាររបស់ខ្លួនដដែល។
ក្រៅពីមានអ្នកស្លាប់៣នាក់ ក្រុមឧទ្ទាមនេះក៏ខូចខាតសម្ភារៈយោធាជាច្រើនផងដែរ នេះជាសម្តីរបស់មន្ត្រីរូបនោះ ហើយគាត់បន្ថែមថា ទាហានរដ្ឋាភិបាល៥នាក់រងរបួសក្នុងពេលប្រយុទ្ធគ្នា។
ក្រុមឧទ្ទាមហ៊ូធីមិនទាន់ឆ្លើយតបពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាដែលបានរាយកាណ៍នេះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសយ៉េមែននៅតែស្ថិតក្នុងស្ថានភាពសន្តិភាពដ៏ផុយស្រួយ ចាប់តាំងពីការរំលាយបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិកាលពីចុងឆ្នាំ២០២២ ដែលភាគីទាំងពីរមិនបានយល់ព្រមលើការបន្ត ឬបន្ថែមរយៈពេលនៃបទឈប់បាញ់។ ជម្លោះដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០១៤ បានសម្លាប់មនុស្សរាប់សែននាក់ និងបង្កឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងគ្រោះទុរ្ភិក្ស នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ៕









