ប្រទេសលីបង់៖ ភ្នាក់ងារព័ត៌មានជាតិលីបង់បានរាយការណ៍ថា មនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសចំនួន២លើកដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធនេះ។
ភ្នាក់ងារនេះបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារដោយមីស៊ីលចំនួន២គ្រាប់ទៅលើរថយន្តមួយគ្រឿងនៅលើផ្លូវហារ៉ីស ហាដាថា សម្លាប់មនុស្សម្នាក់។ ការវាយប្រហារលើកទី២ដោយយន្តហោះគ្មានមនុស្សបើកបានត្រូវចំគោលដៅម៉ូតូមួយគ្រឿងនៅក្នុងភូមិហ្សេឃ្វីនបណ្តាលឲ្យរបួសមនុស្សចំនួន២នាក់។
បទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលប្រមាណជាជាងមួយឆ្នាំដែលបង្កឡើងដោយសង្គ្រាមនៅហ្កាហ្សា។ ក្នុងកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលត្រូវដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ទាំងស្រុងត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែបន្តកាន់កាប់ទីតាំងចំនួន៥នៅក្នុងតំបន់នោះ ហើយបានវាយប្រហារតាមអាកាសជាច្រើនលើកនៅភាគខាងត្បូង និងខាងកើតដោយយកលេសថា ពួកគេមានគោលបំណងលុបបំបាត់ការគំរាមកំហែងពីក្រុមហេសបូឡា៕









