របួស២នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីតាំងក្រុមហេសបូឡា

0

ប្រទេសលីបង់៖ មនុស្ស២នាក់រងរបួសកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយសារការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ដោយយន្តហោះចម្បាំងអ៊ីស្រាអែល និងយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងរបស់ក្រុមហេសបូឡានៅភាគត្បូងប្រទេសលីបង់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការលីបង់ និងប្រភពពីសន្តិសុខលីបង់។

យោងតាមភ្នាក់ងារព័ត៌មានជាតិលីបង់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីលចំនួន២គ្រាប់ទៅលើម៉ូតូមួយគ្រឿងនៅក្នុងភូមិអៃថារោណនៅតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសលីបង់។

ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្ស២នាក់រងរបួសក្នុងការវាយប្រហារនេះ។ ចំណែកឯប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា គោលដៅវាយប្រហាររបស់ពួកគេគឺជាមន្រ្តីប៉ូលិសក្រុងនៅក្នុងភូមិនោះ។

ទន្ទឹមនឹងនេះផងដែរ បើតាមសម្តីយោធាអ៊ីស្រាអែលដែលបាននិយាយនៅថ្ងៃព្រសហ្បត៍បានឲ្យដឹងថា ខ្លួនបានវាយប្រហារទៅលើតំបន់ភាគខាងត្បូងប្រទេសលីបង់ ដោយកំណត់គោលដៅលើអ្វីដែលខ្លួនបានព័ណ៌នាថាជាផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡា។

យោធាអ៊ីស្រាអែលប្តេជ្ញាថា “នឹងបន្តប្រតិបត្តិការដើម្បីលុបបំបាត់ការគម្រាមកំហែងណាមួយដែលអាចកើតមានឡើងដល់រដ្ឋអ៊ីស្រាអែល”

សូមរំលឹកផងដែរថា បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលត្រូវបានសម្របសម្រួលកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល១៤ខែ មិនបានរារាំងការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តឲ្យឈប់បាននោះទេ។ កាលពីថ្ងៃពុធ អគ្គបញ្ជាការកងទ័ព ឧត្តមសេនីយ អ៊ីយ៉ាល ហ្សាម័រ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រមាណជាជាង២៤០នាក់ និងបានវាយប្រហារប្រមាណជា៦០០លើកចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here