ស្លាប់ទាហានម្នាក់ របួស៥នាក់ក្នុងហេតុការណ៍បំផ្ទុះនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ទាហានម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកកែច្នៃ (IED) នៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមប្រភពផ្លូវការនិយាយកាលពីថ្ងៃពុធនេះ។

យោងតាមមន្ត្រីសន្តិសុខបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីរថយន្តយោធាមួយគ្រឿងផ្ទុះដោយសារគ្រាប់បែកកែច្នៃនៅតំបន់អ៊ីណាយ៉ាត កាឡា បាយផាស ស្រុកបាចួរ។

ប៉ូលិស កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះបានប្រញាប់ទៅទីតាំងកើតហេតុភ្លាមៗ បន្ទាប់ពីការបំផ្ទុះ ហើយបានបញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យយោធានៅក្នុងតំបន់នោះ។

ប៉ូលិសបានរាយខ្សែរង្វង់សុវត្ថិភាពបិទតំបន់ ហើយបើកប្រតិបត្តិការរុករកនៅក្នុងតំបន់ជុំវិញនោះដើម្បីតាមចាប់ជនល្មើសផ្សេងទៀត។

ពុំមានក្រុមឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

គួររំលឹកផងដែរថា នៅតាមតំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន ថ្មីៗនេះត្រូវបានគេមើលឃើញថាមានការកើនឡើងសកម្មភាពភេរវកម្ម ដែលក្រុមភេរវករកំណត់គោលដៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here