អ៊ីរ៉ង់ប្រកាសថាបានសម្លាប់ភេរវករ១៣នាក់នៅខេត្តភាគអាគ្នេយ៍

0

ប្រទេសអ៊ីរ៉ង់៖ កងវរសេនាធំការពារបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ពួកភេរវករ១៣នាក់នៅក្នុងប្រតិបត្តិការរួមគ្នាចំនួន៣លើកនៅភាគអាគ្នេយ៍ខេត្តស៊ីសស្ថាន និងខេត្តប៉ាឡូជីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយលើបណ្តាញសារព័ត៌មានផ្លូវការសេផាសរបស់ខ្លួន  IRGC បាននិយាយថា កងទ័ពជើងគោករបស់ខ្លួន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គភាពចារកម្មរបស់ប្រទេស បានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានៅក្នុងទីក្រុងអ៊ីរ៉ានស្ហាហ ទីក្រុងខាស និងទីក្រុងសារ៉ាវ៉ាន កាលពីព្រឹកថ្ងៃពុធ។

ប្រភពបានបន្ថែមទៀតថា ភេរវករមួយចំនួនក៏ត្រូវបានចាប់ខ្លួនក្នុងអំឡុងប្រតិបត្តិការដោយមិនបានបញ្ជាក់ពីចំនួនពួកគេទាំងនោះ។

ក្នុងការពន្យល់លម្អិតពីប្រតិបត្តិការនៅក្នុងទីក្រុងអ៊ីរ៉ានស្ហាហ លោក សាអ៊ីដ ម៉ុនតាហ្សហ្សឺរ៉ូលម៉ាឌី អ្នកនាំពាក្យរបស់ប៉ូលិសអ៊ីរ៉ង់បាននិយាយថា កងកម្លាំងសន្តិសុខរបស់ប្រទេសបានសម្លាប់ពួកសកម្មប្រយុទ្ធ៨នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃសុក្រលើអង្គភាពប៉ូលិសល្បាតនៅក្នុងស្រុកមួយនេះដែលបណ្តាលឱ្យប៉ូលិស៥នាក់ស្លាប់ នេះបើតាមភ្នាក់ងារសារព័ត៌មានតាស់នីម។

លោកបានបន្ថែមថា អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីក្រុមភេរវករនៅក្នុងទីក្រុងអ៊ីរ៉ានស្ហាហ។ ភ្នាក់ងារសារព័ត៌មានតាស់នីមនិយាយថា អាវុធ និងគ្រាប់រំសេវដែលរឹបអូសបានមួយចំនួនត្រូវបានភេរវករលួចយកទៅវិញក្នុងពេលវាយប្រហារយ៉ាងខ្លាំងក្លាទៅលើកងកម្លាំងប៉ូលិសល្បាត។ ខេត្តស៊ីសស្ថាន និងខេត្តប៉ាឡូជីស្ថាន ជាខេត្តដែលជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ត្រូវបានគេមើលឃើញថាមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងពួកសកម្មប្រយុទ្ធមកពីជនជាតិភាគតិចបាឡុច និងអ្នកជួញដូរគ្រឿងញៀន៕

LEAVE A REPLY

Please enter your comment!
Please enter your name here