ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលគាំទ្រដោយក្រុមហ៊ូធី

0

ប្រទេសយ៉េមែន៖ ក្រុមហ៊ូធីរបស់ប្រទេសយ៉េមែនបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនាយករដ្ឋមន្ត្រី អាមិដ អាល រ៉ាហាវី នៃរដ្ឋាភិបាលដែលគាំទ្រដោយក្រុមហ៊ូធី និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរដ្ឋធានីសាណាកាលពីថ្ងៃព្រហស្បតិ៍។

“យើងប្រកាសពីមរណៈភាពរបស់លោក អាមេដ ហ្កាឡិប អាលរ៉ាហាវី នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនៃការផ្លាស់ប្តូរ និងការកសាង រួមជាមួយនឹងរដ្ឋមន្ត្រីមួយចំនួនទៀតកាលពីថ្ងៃព្រហស្បតិ៍” នេះបើតាមក្រុមហ៊ូធីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ។

ព័ត៌មាននេះត្រូវបានគេរាយការណ៍ថា មន្ត្រីទាំងនោះរងការវាយប្រហារក្នុងពេលសិក្ខាសាលាពិនិត្យមើលសកម្មភាពឆ្នាំមុនរបស់រដ្ឋាភិបាល។ ​រដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតរងរបួស និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាមានរដ្ឋមន្ត្រីប៉ុន្មាននាក់ស្លាប់នោះទេ។

ក្រុមហ៊ូធីប្តេជ្ញាចិត្តថានឹងធ្វើឲ្យរដ្ឋាភិបាលមួយនេះនៅតែដំណើរការ ហើយពួកគេសច្ចាថានឹងសងសឹកអ៊ីស្រាអែលវិញ “ក្នុងពេលឆាប់ៗនេះ”

ភ្លាមៗក្រុមហ៊ូធីបានបដិសេធពីការស្លាប់និងរបួសដោយការវាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍ បើទោះជាមានសេចក្តីរាយការណ៍អំពីការស្លាប់របស់ រ៉ាហាវី ក៏ដោយ។

អ៊ីស្រាអែលបាននិយាយថា កងទ័ពអាកាសរបស់ខ្លូនបានធ្វើ ប្រតិបត្តិការដ៏សំខាន់មួយ  លើគោលដៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីហ៊ូធីក្នុងរដ្ឋធានីសាណា ក្នុងពេលដែលសមាជិកកំពុងមើលសន្ទរកថាដែលថ្លែងដោយមេដឹកនាំក្រុម អាប់ដូលម៉ាលីគ អាល ហ៊ូធី ស្តីពីសង្គ្រាមនៅហ្កាហ្សា។

ប្រភពពីក្រុមហ៊ូធីបាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបាញ់ប្រហារពីលើអាកាសចំនួន១០គ្រាប់ទៅលើអគារមួយនៅភាគខាងត្បូងរដ្ឋធានីសាណា ជាកន្លែងដែលកិច្ចប្រជុំត្រូវបានធ្វើឡើង។

ការវាយប្រហារនេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតទៅលើក្រុមហ៊ូធី ចាប់តាំងពីក្រុមនេះបានបាញ់មីស៊ីល និងការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកទៅលើអ៊ីស្រាអែលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងអំឡុងសង្គ្រាមហ្កាហ្សា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ូធីបានដណ្តើមកាន់កាប់រដ្ឋធានីសាណា ក្នុងឆ្នាំ២០១៤ ដោយបាននិរទេសរដ្ឋាភិបាលយ៉េមែនដែលទទួលស្គាល់ជាអន្តរជាតិ ឱ្យចេញពីទីក្រុងអាតែន។ ចាប់តាំងពីពេលនោះមក ក្រុមនេះបានគ្រប់គ្រងតំបន់ជាច្រើននៃភាគខាងជើងប្រទេសយ៉េមែន ក្នុងនោះមានដូចជា រដ្ឋធានីសាណា ទីក្រុងកំពង់ផែសមុទ្រក្រហមហ៊ូឌីដា និងបានបង្កើតរដ្ឋាភិបាលខុសច្បាប់នៅក្នុងរដ្ឋធានីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here