ប្រទេសអ៊ីស្រាអែល៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតហ្ស បាននិយាយកាលពីថ្ងៃអាទិត្យថា អាប៊ូ អូបៃដា អ្នកនាំពាក្យឱ្យក្រុមហាម៉ាស ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហា្កហ្សា។
លោក កាតហ្ស បានប្រកាសក្នុងការសរសេរបង្ហោះនៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីក្សថា “ឆាប់ៗនេះ ដោយសារតែយុទ្ធនាការណ៍ប្រឆាំងនឹងតំបន់ហ្កាហ្សាកាន់តែខ្លាំងឡើង ឥស្សរជនក្រុមហាម៉ាសច្រើននាក់ទៀតនឹងត្រូវកំណត់គោលដៅ។
ក្នុងចំណាប់អារម្មណ៍នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នាព្រឹកនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) បាននិយាយថា ការប៉ុនប៉ងធ្វើឃាតលោក អូបៃដា ត្រូវបានធ្វើឡើងដោយភ្នាក់ងារសន្តិសុខផ្ទៃក្នុងស្ហីនបេត និងកងកម្លាំងការពារជាតិអ៊ីស្រាអែល។
លោក ណេតាន់យ៉ាហូ បាននិយាយថា “យើងនៅតែមិនទាន់ដឹងលទ្ធផលចុងក្រោយនៅឡើយទេ។ ខ្ញុំសង្ឃឹមថាគាត់លែងនៅជាមួយយើងទៀតហើយ។ ប៉ុន្តែខ្ញុំសង្កេតឃើញថា នៅខាងក្រុមហាម៉ាស មិនទាន់មាននរណាម្នាក់និយាយរឿងនេះទេ។”
ទូរទស្សន៍ អាល់ អារ៉ាប៊ីយ៉ា របស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា លោក អូបៃដា បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះល្វែងមួយកន្លែងដោយដកស្រង់ពីប្រភពប៉ាឡេស្ទីន។ អ្នកដែលនៅក្នុងអគារផ្ទះល្វែងស្លាប់ទាំងអស់។ បើតាមប្រភពបន្ថែមទៀតថា សមាជិកគ្រួសាររបស់លោក អូបៃដា និងមេដឹកនាំក្រុមប្រដាប់អាវុធហាម៉ាសបានបញ្ជាក់ពីមរណៈភាពរបស់គាត់ បន្ទាប់ពីពិនិត្យសាកសព។
យោងតាមអាជ្ញាធរសុខភាពបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល និងការបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៨៨នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបគិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានចំនួន៦៣.៤៥៩នាក់៕









