ក្រុមហ៊ូធីអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយដ្រូនលើអ៊ីស្រាអែល

0

ប្រទេយ៉េមែន៖ ក្រុមហ៊ូធីរបស់យ៉េម៉ែនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៨លើកលើអ៊ីស្រាអែល ក្នុងនោះមានការវាយប្រហារលើអាកាសយាន្តដ្ឋានរ៉ាម៉ុននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសកាលពីពេលព្រឹក។

នៅក្នុងសេចក្តីថ្លែងការដែលផ្សាយដោយទូរទស្សន៍អាល់ម៉ាសៀរ៉ារបស់ក្រុមហ៊ូធី អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក យ៉ាហយ៉ា សារៀ បាននិយាយថា ក្រុមហ៊ូធីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៨លើកលើគោលដៅទីក្រុងណេហ្កេវ ទីក្រុងអៃឡាត ទីក្រុងអាស្ហគេឡុន ទីក្រុងអាសដូដ និងទីក្រុងតែលអាទីវ។

លោកបាននិយាយថា យន្តហោះគ្មានមនុស្សបើកវាយប្រហារត្រូវគោលដៅអាកាសយាន្តដ្ឋានរ៉ាម៉ុន បង្ខំឱ្យអាកាសយាន្តដ្ឋាននោះបិទដំណើរការ និងផ្អាកចរាចរណ៍ផ្លូវអាកាស ចំណែកឯយន្តហោះគ្មានមនុស្សបើកផ្សេងទៀតវាយប្រហារលើគោលដៅយោធានៅក្នុងទីក្រុងផ្សេងៗទៀត។

លោក យ៉ាហយ៉ា បាននិយាយថា “យើងពង្រឹងភាពរឹតតែខ្លាំងឡើងនៃប្រតិបត្តិការយោធា ហើយយើងមិនងាករេពីគោលជំហររបស់យើងក្នុងការគាំទ្រតំបន់ហ្កាហ្សា ដែលនេះជាការព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ឱ្យចៀសវាងពីដែនអាកាស និងព្រលានយន្តហោះអ៊ីស្រាអែល។”

អ្នកនាំពាក្យអាជ្ញាធរអាកាសយាន្តដ្ឋានអ៊ីស្រាអែលបានបញ្ជាក់នៅមុននេះបន្តិចថា យន្តហោះគ្មានមនុស្សបើករបស់ពួកហ៊ូធីបានវាយប្រហារលើសាលអ្នកដំណើរមកដល់នៅព្រលានយន្តហោះរ៉ាម៉ុន ដែលជាកន្លែងតូចមួយចម្ងាយប្រមាណជា១៨គីឡូម៉ែត្រខាងជើងទីក្រុងអ៊ីឡាត។

សេវាសង្គ្រោះម៉ាហ្កេនដេវីដអាដុំរបស់អ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២នាក់របួសស្រាល ហើយបានបញ្ជូនទៅមន្ទីពេទ្យនៅជិតទីក្រុងអ៊ីឡាត។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយចំនួនរាយការណ៍ថាចំនួនអ្នករបួសមាន៨នាក់។

ក្រុមឧទ្ទាមហ៊ូធី ដែលគ្រប់គ្រងភាគច្រើននៅភាគខាងជើងប្រទេសយ៉េមែន បានវាយប្រហារលើប្រទេសអ៊ីស្រាអែលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។

អ៊ីស្រាអែលបានឆ្លើយតបវិញដោយការវាយប្រហារសងសឹកជាប្រចាំ រួមទាំងការវាយប្រហារតាមអាកាសកាលពីខែមុននៅទីក្រុងសាណា ដែលបានសម្លាប់មេដឹកនាំហ៊ូធី ១២នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here